(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ណេប សន នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់ និងជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់ បូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ណេប សន បានទៅកាន់សុគតិភព និងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពឧត្តមសេនីយ៍ឯក ណេប សន ត្រូវបានក្រុមគ្រួសារសហការជាមួយក្រុមការងាររៀបចំបុណ្យសព បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីពុទ្ធសាសនា និងពិធីការកងទ័ព នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕