(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះតាមទីតាំងហាងបញ្ចាំនានា ក្នុងស្រុកចុងកាល់ ដើម្បីធ្វើការស្រាវជ្រាវក្រែងមាន ប្រជាពលរដ្ឋយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ទៅដាក់ធានាបញ្ចាំទ្រព្យសម្បត្តិផ្សេងៗ ធ្វើឱ្យពួកគាត់មិនមានឱកាសទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ឃិន ញ៉ាណ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោកបានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកចុងកាល់ ដោយមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យតាមទីតាំងហាងបញ្ចាំនានាក្នុងស្រុក ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យ រកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ដែលប្រជាពលរដ្ឋបានយកទៅដាក់ ធានាបញ្ចាំទ្រព្យសម្បត្តិផ្សេងៗ។

លោក ឃិន ញ៉ាណ ថ្លែងឱ្យដឹងទៀតថា ស្របពេលដែលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាជិតចូលមកដល់ ក៏ដូចជាផ្អែកតាមច្បាប់បោះឆ្នោតដែល គ.ជ.ប បានជូនដំណឹង គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងអាចទៅចូលរួមបោះឆ្នោតបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លុះត្រាតែពួកគាត់មានអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន។

លោកក៏បានថ្លែងលើកឡើងយ៉ាងដូច្នេះទៀតថា «អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ជាបណ្ណដែលមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ ដែលអាចយកទៅប្រើប្រាស់បានតាមតម្រូវការស្របទៅតាមច្បាប់ ដូច្នេះលោកគិតថាក្នុងការសម្រួល ការរស់នៅ និងភាពចាំបាច់មួយចំនួនរបស់ប្រជាពលរដ្ឋ ពិតជាមានប្រជាពលរដ្ឋយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនទៅដាក់ធានាបញ្ចាំតាមទីតាំងបញ្ចាំផ្សេងៗមិនខាន។

លោក ឃិន ញាណ បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ទីតាំងហាងបញ្ចាំដែលក្រុមការងារបានចុះ រួមមាន៖ ហាងលក់ទូរស័ព្ទដៃ ទីតាំងបញ្ចាំផ្សេងៗ ទីតាំងលក់ជីកសិកម្ម ទីតាំងលក់ម៉ូតូ និងលក់គោយន្តកន្ត្រៃយ៍...ជាដើម។

លោកក៏បានណែនាំ និងអំពាវនាវដល់ម្ចាស់ទីតាំងទទួលបញ្ចាំផ្សេងៗ ត្រូវសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងករណីមានប្រជាពលរដ្ឋយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ទៅដាក់ធានាបញ្ចាំទ្រព្យផ្សេង ត្រូវប្រគល់ជូនគាត់វិញ ដើម្បីគាត់មានលទ្ធភាពទៅចូលរួមបោះឆ្នោតនាថ្ងៃខាងមុខ ហើយចំពោះប្រជាពលរដ្ឋដែលបានយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនទៅដាក់ធានាបញ្ចាំ ហើយម្ចាស់ទីតាំងធានាបញ្ចាំមិនបានប្រគល់ឱ្យខ្លួនបានទៅចូលរួមបោះឆ្នោត សូមរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតដើម្បីជួយអន្តរាគមន៍៕