(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយ ប្រធានអនុប្រធានក្រុមការងារគណបក្សស្រុកជើងព្រៃ នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ បានចុះជួបប្រជាពលរដ្ឋក្នុងឃុំព្រៃចារ ចំនួន ១,០០០នាក់ ក្នុងឱកាសយុទ្ធនាការណ៍ឃោសនាបោះឆ្នោតនីតិកាលទី៧ នៅបរិវេណវត្តព្រៃចារក្នុង ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានណែនាំឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានច្រើនកុះករ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីការពារសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕