(ភ្នំពេញ)៖ កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំ វគ្គ២ ជូនសមាជិកកិត្តិយស និងសមាជិក សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នាទីតាំងទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញពិនិត្យផ្ទាល់ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រីសាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្សី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ និងជាសមាជិកកិត្តិយស សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានជម្រាបជូនពីដំណើរការចាក់វ៉ាក់សាំងផ្តាសាយធំប្រភេទ A វគ្គ២ នាឧកាសនេះធ្វើឡើងដោយ មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកស្រី សាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្សី កាញ្ញារីទ្ធ ដល់ថ្នាក់ដឹកនាំជានារី សមាជិកកិត្តិយស សមាជិក សមាជិកា សមាគមដែលស្ម័គ្រចិត្តទទួល យកវ៉ាក់ទាំងវគ្គ ១ និងវគ្គ ២។

លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានបញ្ជាក់ដែរថា ការចំណាយថវិកាសម្រាប់ទិញវ៉ាក់សាំង និងការរៀបចំការចាក់វ៉ាក់សាំងធ្វើឡើងដោយសមាគមនារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដែលមាន លោកស្រី សាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្សី កាញ្ញារីទ្ធ ហើយការចាក់វ៉ាក់សាំងផ្តាសាយធំប្រភេទ A ដោយក្រុមគ្រូពេទ្យជំនាញ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកថែរក្សា និងការពារសុខមាលភាពរបស់បងប្អូននារី ជាថ្នាក់ដឹកនាំ សមាជិកកិត្តិយស និងសមាជិកាទាំងអស់ក្នុងសមាគម នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដែលភាគច្រើនតែងបានចុះបំពេញកិច្ចការងារនៅតាមមូលដ្ឋានជនបទ នារដូវវស្សានេះ។

ដូច្នេះវ៉ាក់សាំងដែលយកមកចាក់ជូននាពេលនេះ នឹងរួមចំណែកកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្តាសាយធំប្រភេទ A តែទោះជាយ៉ាងណាក៏ត្រូវថែរក្សា និងការពារសុខភាពដោយផ្ទាល់ខ្លួនឯង និងក្រុមគ្រួសារអោយបានល្អបន្ថែមទៀតផងដែរ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះគំនិតដ៏ល្អរបស់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដែល បានចំណាយថវិកាក្នុងការទិញនូវវ៉ាក់សាំងល្អ មកចាក់ជូនដល់សមាជិករបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយមានសុខភាពរឹងមាំង ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃបានកាន់តែល្អប្រសើរបន្ថែមទៀត។ដូច្នេះក្រៅមានសុខភាពល្អ រឹងមាំហើយនោះ បងប្អូន ស្រ្តីដែលបម្រើការងារលើវិស័យព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដដល់ សាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់ រាល់បញ្ហាវិជ្ជមាន និងអវិជ្ជមាន នៅក្នុងសង្គម ពិសេស គឺលុបបំបាត់ ទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ។

សរុបចំនួនអ្នកដែលបានមកទទួលវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំវគ្គ ២ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន មានចំនួន ១៤០ ដូស ៕