(កំពង់ស្ពឺ)៖ ក្នុងនាមជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់គណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩៣មក លោកពូ មឿង សឿង បានថ្លែងថា «តាមការសង្កេតរបស់ខ្ញុំ ពុំធ្លាប់ឃើញគណបក្សណា ដែលរួមសុខ រួមទុក្ខ និងបង្ហាញភាពច្បាស់លាស់ជាមួយប្រជាជនគ្រប់កាលៈទេសៈដូចគណបក្សប្រជាជនកម្ពុជានោះទេ»។
ការថ្លែងបែបនេះ របស់លោលពូ មឿង សឿង បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំមនោរម្យ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
លោកពូ មឿង សឿង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងរំភើបយ៉ាងក្រៃលែង ដែលបានជួបជុំជាមួយសមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។
លោកពូ បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក បានកែប្រែមុខមាត់មូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយសង្កេតឃើញតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងការរីកចម្រើននៃកម្រិតជីវភាពប្រជាជនទូទៅ។
លោកពូ បានគូសបញ្ជាក់ថា «ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតលើកដំបូង ខ្ញុំ និងក្រុមគ្រួសារ ពេញចិត្ត និងស្រលាញ់តែគណបក្សប្រជាជនកម្ពុជាមួយគត់ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ យើងនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា ឱ្យមានលទ្ធភាពបន្តការដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕