(កំពង់ស្ពឺ)៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានការគាំទ្រយ៉ាងស្ម័គ្រស្មោះចំពោះគណបក្សប្រជាជនកម្ពុជា។
អ្នកមីង អៀម កាន បានបង្ហាញពីការដឹងគុណបំណាច់ដល់រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំកម្ពុជាចេញពីភ្លើងសង្គ្រាម ហើយនាំមកនូវវឌ្ឍនភាពជាបន្តបន្ទាប់។ បើគ្មានគណបក្ស ប្រជាជនកម្ពុជា ប្រជាជនទាំងអស់ ក៏ដូចជាកូនចៅអ្នកមីង ក៏មិនមានថ្ងៃនេះដែរ។
អ្នកមីងបន្តថា «យើងទាំងអស់គ្នា មិនចង់ឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម មានការកាប់សម្លាប់ដូចរបបប្រល័យពូជសាសន៍នោះទេ។ ដូច្នេះ យើងនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យកូនចៅយើងជំនាន់ក្រោយ អាចបន្តជ្រកក្រោមដំបូលសន្តិភាព និងភាពសម្បូរសប្បាយ»។
«ឯករាជ្យភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំឱ្យក្មេងៗជំនាន់ក្រោយមានឱកាសបានរៀនសូត្របានដោយស្មើភាព ដែលបានមកពីការរីកដុះដាលនៃសាលារៀនគ្រប់កម្រិតថ្នាក់។ នេះជាមូលដ្ឋាន ដែលធានាឱ្យកូន ចៅ តូចៗមានចំណេះដឹង មានអនាគតល្អ ដើម្បីជួយជីវភាពក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។ នេះជាការលើកឡើងរបស់ អ៊ំ ស្រី ប្រាក់ សុខលីម សមាជិកាគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត ក្នុងជំនួបព្រឹកនេះ។
ដោយឡែក អ្នកមីង គឹមហាក់ ជាប្រជាកសិករមួយរូប និងជាសមាជិកានៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «ខ្ញុំជឿជាក់លើ គណបក្សប្រជាជនកម្ពុជា ដែលហ៊ានថា ហ៊ានធ្វើ»។ អ្នកមីង បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានាអត្ថប្រយោជន៍ដែលពលរដ្ឋទូទៅ ក៏ដូចជាប្រជាកសិករ ទទួលបានដូចពេលបច្ចុប្បន្ន រួមទាំងការយកចិត្តទុកដាក់ ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែជាដើម។ ជាពិសេសអ្នកមីង បានសង្កត់ធ្ងន់ថា «គ្មានអ្វីសំខាន់ជាងអនាគតរបស់កូន និងចៅតូចៗទេ ដូច្នេះខ្ញុំផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជាតែមួយគត់»៕