(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ មានការចែកចាយនៅតាមបណ្ដាញសង្គម Facebook នូវហេតុការណ៍មួយដែលបានកើតឡើងរវាងប្រជាពលរដ្ឋ និងបុរស៤នាក់ ជាអង្គរក្សជិះតាមការពារឡានចៅហ្វាយនាយរបស់ខ្លួនម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-1717 ដោយប៉ះទង្កិចគ្នាដោយពាក្យសម្ដី និងកាយវិការមិនសមរម្យរបស់ក្រុមអង្គរក្សទាំងនោះ។

ភ្លាមៗបន្ទាប់ពីបានឃើញនូវការចែកចាយខ្លឹមសារ និងរូបភាព ដោយលាយលំជាមួយមតិរិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់អត្តសញ្ញាណបុរសជាអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ ដើម្បីហៅមកធ្វើការសួរនាំអំពីដំណើររឿងដែលបានកើតឡើង ជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដូចគ្នា។

បន្ទាប់ពីកំណត់អត្តសញ្ញាណបានហើយនោះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការងារផែនសន្តិសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានកោះហៅបុរសទាំង៤នាក់នោះ មកធ្វើការសួរនាំ។ អ្នកទាំង៤នោះរួមមាន៖ ទី១៖ ឈ្មោះ មិន សុជាតិ អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះ កែវ សុវណ្ណូរ៉ា អាយុ៣៤ឆ្នាំ, ទី៣៖ ឈ្មោះ សោប ចាន់ធូ អាយុ៣០ឆ្នាំ និងទី៤៖ ឈ្មោះ អ៉ិត ស៊ុនណាត អាយុ៣៤ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសទាំង៤នាក់បានឲ្យដឹងថា កាលពីម្សិលមិញ ពួកគេទាំង៤នាក់ បានជិះតាមពីក្រោយដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចឡឥដ្ឋផ្លូវជាតិ២ ដោយសារចរាចរណ៍ចង្អៀតក៏មានម៉ូតូ១គ្រឿង ជិះដោយបុរសម្នាក់មកជិតក្បែរម៉ូតូរបស់គេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា ពេលនោះពួកគេក៏លើកដៃរៀលឃាំង មិនឲ្យគាត់ទៅមុខបន្ត។ ពេលនោះហើយដែលធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យ។

ក្រុមអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ បានទទួលស្គាល់រាល់កំហុសខុសឆ្គងដែលពួកគេបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សាធារណៈជននៅតាមដងផ្លូវ និងប្រជាពលរដ្ឋខ្មែរដែលបានឃើញហេតុការណ៍ដោយផ្ទាល់ និងតាមបណ្តាញសង្គម ព្រមទាំងសូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យដល់ពួកគេ ដោយសន្យាថានឹងខិតខំកែប្រែខ្លួនជាពលរដ្ឋល្អមិនឲ្យរឿងរ៉ាវបែបនេះទៀតឡើយ។

យ៉ាងណាមិញ សម្រាប់អត្ដសញ្ញាណរបស់ម្ចាស់រថយន្ដទំនើបខាងលើនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ ប៉ុន្ដែឆ្លងកាត់នូវរឿងរ៉ាវដែលបានកើតឡើងកាលពីម្សិលមិញនេះ គេសង្ឃឹមថា ម្ចាស់រថយន្ដនឹងធ្វើការណែនាំកូនចៅរបស់ខ្លួនជៀសវាងកើតនូវហេតុការណ៍បែបនេះបន្ដទៀត។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវមានការអធ្យាស្រ័យខ្ពស់ផងដែរនៅពេលបើកបរ៕