(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចពិជ័យសេនា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានទទួលដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនិស្សិតនាយទាហាន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាវ ធានលៀង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិនចំនួន៥៤រូប នៅសាកលវិទ្យាល័យការពារជាតិ។
នៅក្នុងជំនួយដែលមានសមាសភាព ៦០+៦០នាក់ គណៈប្រតិភូចិន បានស្តាប់បទស្វាគមន៍ និងបទបង្ហាញពីតួនាទីភារកិច្ច របស់ស.ក.ជ ពីនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយ ស.ក.ជ យោងទៅលើប្រធានបទមួយចំនួន។
ភាគីចិន៖ បានសម្តែងនូវក្តីសប្បាយរីករាយចំពោះជំនួបជាលើកទី១ ក្រោយពេលសាកលវិទ្យាល័យ ការពារជាតិទាំងពីរ កម្ពុជា-ចិន បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយគ្នា ក្នុងដំណាក់កាលកូវីដ ១៩ ។ ភាគីចិនបានឆ្លើយនូវសំណួរយោធាចារ្យរបស់យើង ពាក់ព័ន្ធ ការបណ្តុះបណ្តាលហ្វឹកហ្វឺន បំប៉ន ដល់វិស័យការពារជាតិ។
បន្ទាប់មកមានកិច្ចប្រជុំចង្អៀតរវាងថ្នាក់ដឹកនាំភាគីទាំង២ដែលមាន ១៦+១៦នាក់ ដើម្បីពិនិត្យមើល សំណើរបស់ ស.ក.ជ កម្ពុជា ស្នើសុំ សាកលវិទ្យាល័យការពារជាតិនៃកងទ័ពរំដោះប្រជាជនចិន ជាបងប្អូន ជួយដល់ការអភិវឌ្ឍន៍ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ដូចជា សំណើសម្រួលឲ្យ មានទស្សនកិច្ចសិក្សាដកបទពិសោធន៍ទៅវិញទៅមក រវាងថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ សាស្ត្រាចារ្យ យោធាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យប្រទេសទាំងពីរ។
សំណើសុំជួយសម្រួលបើកថ្នាក់បង្រៀន ភាសាចិនកម្រិតមូលដ្ឋានសម្រាប់និស្សិត និងសិក្ខាកាម កម្ពុជា មុនទៅបន្តការសិក្សានៅប្រទេសចិន និងសុំ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រភាសាចិន នៅប្រទេសចិននិងសំណើចាំបាច់មួយចំនួនទៀតសំដៅលើ ការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។
ភាគីចិន បានទទួលយកនូវសំណើរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា មួយចំនួនសម្រេច ភ្លាមៗ និងមួយចំនួនទៀត នឹងដាក់ជូនសុំការសម្រេចពីក្រសួងការពារប្រទេសចិន។ ក្នុងឱកាសនោះដែរ លោក ស៊ាវ ធានលៀង និងប្រតិភូបានដាំឈើប្រណិត (ដើមនាងនួនមួយ ដើម) ទុកជាអនុស្សរីយ៍នៅសាកលវិទ្យាល័យការពារជាតិយើង ផងដែរ។
ក្រោយជំនួបពិភាក្សាបានបញ្ចប់នៅម៉ោង១១និង៣០នាទី សាកលវិទ្យាល័យការពារជាតិកម្ពុជាបាន អញ្ជើញគណៈប្រតិភូចិនទាំង៥៤រូប រួមនិងអនុព័ន្ធយោធា ពិសារបាយសាមគ្គីរហូតដល់ម៉ោង១៣ ក្រោម បរិយាកាសមិត្តភាព កិច្ចសហប្រតិបត្តិការល្អ រីករាយនិងស្និទ្ធស្នាលក្រៃលែង។
សរុបមក ជំនួបរវាងសាកលវិទ្យាល័យការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា និងលោកឧត្តមសេនីយ៍ឯក ស៊ាវ ធានលៀង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិនៃកងទ័ពរំដោះប្រជាជនចិននិងប្រតិភូ បានសំដែងនូវសេចក្តីសប្បាយ រីករាយ ដោយបានឃើញចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែកថែប រវាងរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង, ក្រសួងការពារជាតិដឹកនាំដោយ សម្តេចពិជ័យសេនា និងសាកលវិទ្យាល័យការពារជាតិទាំងពីរ កម្ពុជា-ចិន សមនឹងពាក្យ «កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ» «កម្ពុជា មិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់ខ្លួននោះទេ» ចំណងមិត្តភាព «ដែកថែប» «មិត្តភក្តិដែលគួរឲ្យទុកចិត្តបំផុត» «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និង «សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា» ក្នុងគោលការណ៍ស្មើភាព និងស្មើសិទ្ធិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក៕