(បាត់ដំបង)៖ ក្នុងយុទ្ធនាការឃោសនា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃក្រុមការងារបានបញ្ចប់ជាស្ថាពរ នៃការចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ, លោក មាស វិរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងបាត់ដំបង បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតជូនដល់ប្រជាពលរដ្ឋនៅភូមិភូមិវត្តគរ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ លោក មាស វិរិទ្ធ បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងអភិវឌ្ឍលើគ្រប់វិស័យ ដោយចាប់ផ្តើមពីចំណុច សូន្យ ហើយដើម្បីបន្តថែរក្សាបាននូវសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មីឱ្យរីកលូតលាស់កាន់តែច្រើន ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគូសលេខរៀងទី១៨ លើសន្លឹកឆ្នោត ដែលងាយស្រួលចំណាំ គឺនៅក្នុងលំដាប់លេខរៀងចុងក្រោយបង្អស់ក្នុងសន្លឹកឆ្នោត។
លោក មាស វិរិទ្ធ បានថ្លែងអំណរគុណប្រជាពលរដ្ឋភូមិវត្តគរ និងភូមិច្រាបក្រសាំង នៃសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនជារៀងរហូតមក ហើយសូមបងប្អូនបន្តគាំទ្របន្តទៀត ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ បន្តរក្សាបាននូវសុខសន្តិភាព ជីវភាពរស់នៅកាន់តែធូរធារ។
ជាការឆ្លើយតបទៅក្រុមការងារពីសំណាក់ប្រជាពលរដ្ឋនៅភូមិវត្តគរ និងភូមិច្រាបក្រសាំង នៃសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសម្តែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ប្រជាពលរដ្ឋបានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងអាណត្តិថ្មីបន្តទៀត៕