(កោះកុង)៖ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងលោកស្រី សាំង សូរធូកា សប្បុរសជនគាំទ្រគណបក្សឃុំកណ្តោល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបន្តឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ឆ្នាំ២០២៣ និងបង្រៀនគូសសន្លឹកឆ្នោត មានសមាជិក សមាជិកាបក្សចូលរួម ចំនួន៥០០នាក់។

លោក ឈឿន កុសលវីរៈ បានថ្លែងថា ដើម្បីរក្សាសន្តិភាព និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី៧ នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្នភាព ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រកបដោយ គុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

លោក ឈឿន កុសលវីរៈ បានបន្ថែមថា រយៈកាលជាង៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សាការពារសន្តិភាពសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដែលមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក ឈឿន កុសលវីរៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជន១សំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវផងដែរ៕