(កំពង់ឆ្នាំង)៖ លោក ស៊ឹម សុវឌ្ឍនៈ អនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
យោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានប្រកាសតែងតាំង លោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ជំនួសលោក សោម ស៊ីណាត ដែលត្រូវបានទទួលភារកិច្ចថ្មី។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានធ្វើឲ្យខេត្តមួយនេះមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយធានាបាននូវ សន្តិសុខសុវត្ថិភាពល្អប្រសើរ ទាក់ទាញបាននូវអ្នកវិនិយោគិនជាតិ អន្តរជាតិ មកបណ្តាក់ទុនជំរុញបាននូវកំណើនការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលមកដល់ពេលនេះនៅខេត្តកំពង់ឆ្នាំង មានកម្មករ កម្មការិនី ប្រមាណជាង៥ម៉ឺននាក់ កំពុងបម្រើការងារលើវិស័យវាយនភ័ណ្ឌ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តទទួលបានការរីកចម្រើនគួរជាទីមោទន។ កន្លងមកបានអនុវត្តការងារស្រប តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្ត ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំ នាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ។
លោក អ៉ិត សំហេង បានស្នើឲ្យប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឲ្យបានល្អ ព្រមជាមួយនោះ ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូន។ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេលវេលា។ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលាសាកសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិក និងប្រជាពលរដ្ឋត្រូវខិតខំអនុវត្តឲ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល៕