(តាកែវ)៖ ថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជាសកម្មជនគណ បក្សប្រជាជនកម្ពុជានៅតាម ស្នាក់ការគណបក្ស របស់ឃុំទាំង៥ រួមមាន ឃុំគោកព្រេច ឃុំអង្គប្រាសាទ ឃុំព្រះបាទជាន់ជុំ ឃុំតាអូរ និងឃុំព្រៃអំពក ដោយបានជួបសមាជិកសមាជិកាសរុបប្រមាណ ៧៩១នាក់។

ក្នុងពិធីសំណេះសំណាលនោះ លោក សុខ សូកាន ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៥ខាងលើ និងបានណែនាំដល់សកម្មជនគណបក្ស និងក្រុមការងារនៅក្នុងរចនា សម្ព័ន្ធចាត់តាំងទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងជំរុញការបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងឱ្យបានច្រើនដងជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាថាសន្លឹកឆ្នោតរបស់សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោតបានការ១សន្លឹក ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក សុខ សូកាន ក៏បានក្រើនរំលឹកដល់សកម្មជនគណបក្សនៅមូលដ្ឋាននៅឃុំទាំង៥ ត្រូវខិតខំបំពេញតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំដែលគណបក្សប្រគល់ជូនទាំងមុនថ្ងៃបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដើម្បីដណ្តើមប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលនៅតាមបណ្តាឃុំនីមួយៗនោះ មានការចូលរួមពីសំណាក់លោក ទួន ស៊ីផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកព្រេច, លោក ស៊ា ម៉ៅ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គប្រាសាទ, លោក សេង សក្តា ប្រធាន ក្រុមការងារ គណបក្ស ចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ, លោកបណ្ឌិតសភាចារ្យ តិច សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាអូរ និង លោក កុយ វិសុទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំព្រៃអំពក។ ជាមួយគ្នានេះ កម្មវិធីទាំងនោះក៏មានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៥, លោកស្រី ស៊ិន សេរី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់, លោក ស៊ុត ខុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់, លោក តឹក តុងលីម ប្រធានគណបក្សស្រុក, លោក ងួន ឌីណា អនុប្រធានគណបក្សស្រុក, ព្រមទាំងលោក លោកស្រី ជាមន្ត្រីគណបក្សឃុំទាំង៥។

ក្នុងឱកាសនៃការជួបសំណេះសំណាលនៅតាមបណ្តាឃុំនីមួយៗនោះ លោក សុខ សូកាន រួមជាមួយសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕