(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម បានថ្លែងថា ការពង្រឹងគុណភាព និងសមត្ថភាពនាយទាហាន គឺសំខាន់ណាស់ ព្រោះថាការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់នាយទាហាន នៅថ្ងៃនេះ គឺជាអនាគតនៃថ្នាក់ដឹកនាំ កងទ័ពនៅពេលខាងមុខ ដើម្បីបម្រើជាតិមាតុភូមិប្រកបដោយមោទនភាព។
នៅក្នុងពិធីបិទការប្រកួតកីឡាផ្ទៃក្នុង របស់វិទ្យាស្ថាកងទ័ពជើងគោកប្រចាំឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក បានឲ្យដឹងថា «ការប្រកួតកីឡាផ្ទៃក្នុងរបស់វិទ្យាស្ថានកងទ័ពជើងគោកប្រចាំឆ្នាំ២០១៦ បានបង្កើតឲ្យមានភាពសប្បាយរីករាយជាមួយគ្នា ជួយការពារសុខភាព បង្កជាមិត្តភាព សាមគ្គីភាព និងការខិតខំប្រកួតប្រជែងផ្ទៃក្នុង»។ លោកបានបន្តទៀតថា កាយសម្បទារឹងមាំ ភាពក្លាហាន សមត្ថភាព និងភាពជាអ្នកដឹងនាំគឺជាមូលដ្ឋានរបស់កងទ័ព។
វិញ្ញាសានៃកីឡានាពេលនេះគឺបានបង្កប់នូវអត្ថន័យនូវកាជួយគ្នា សាមគ្គីគ្នាស្រឡាញ់គ្នាដើម្បីទៅដល់គោលដៅទាំងអស់គ្នា។ លោកថា កំណែទម្រង់ និងប្រសិទ្ធិភាពរបស់កងទ័ព គឺមាន២ផ្នែករួមមានផ្នែករឹងនិងផ្នែកទន់។ ផ្នែករឹងសំដៅលើសម្ភារគ្រឿងសព្វាវុធ គ្រឿងបច្ចេកទេសជីវភាពរស់នៅរបស់កងទ័ព និងផ្នែកទន់សំដៅលើគុណភាព សមត្ថភាពនិងឆន្ទៈរបស់កងទ័ព។ នៅគ្រប់កាលៈទេសៈនៃប្រទេសកម្ពុជា គឺត្រូវការកងទ័ពដើម្បីការពារជាតិការពារបូរណភាពទឹកដី។
លោកបានថ្លែងទៀតថា កងទ័ពខ្លាំងគឺអាស្រ័យលើកងទ័ពគ្រប់ជាន់ថ្នាក់ គ្រប់ឋានានុក្រម ដូច្នេះការពង្រឹងគុណភាព និងសមត្ថភាពនាយទាហាន គឺសំខាន់ណាស់ ព្រោះថាការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់នាយទាហាននៅថ្ងៃនេះ គឺជាអនាគតនៃថ្នាក់ដឹកនាំកងទ័ពនៅពេលខាងមុខ ដើម្បីបម្រើជាតិមាតុភូមិប្រកបដោយមោទនភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំរៀបចំការប្រកួតកីឡាផ្ទៃ ក្នុងរបស់វិទ្យាស្ថានកងទ័ពជើងគោកប្រចាំឆ្នាំ ២០១៦ និងអរគុណចំពោះភាគីមិត្តដែលបានចូលរួមសហការ និងជួយដល់វិស័យកងទ័ពនៅកម្ពុជាផងដែរ៕