(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២៥០០នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកថ្មពួកដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ា ដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារតែមួយ ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ដើម្បីប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ការពារកម្មសិទ្ធិស្របច្បាប់របស់ប្រជាជន បន្តពង្រឹងពង្រីកប្រព័ន្ធគាំពារសង្គម របបសន្តិសុខសង្គម និងសេវាសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពឲ្យគ្របដណ្តប់នៅគ្រប់ទីកន្លែង និងធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់សំរាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ តំបន់ព្រំដែនមានសន្តិភាព និងអភិវឌ្ឍន៍។
ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ ពេលអនាគតដើម្បីបន្តភាពរីកចម្រើនជីវភាពកាន់តែធូរធារទាំងអស់គ្នា៕