(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងលោក សេង សក្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះសំណេះសំណាល ជាមួយអាជីវករលក់ដូរ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារកសិផល សុខ អាន ទន្លាប់ ភូមិ១ផលិតផល១ និងអាជីវករ នៅផ្សារទន្លាប់ ដែលស្ថិតក្នុងភូមិពោធិ៍ខ្វិត និងភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ ៗគ្នា។
នៅក្នុងឱកាសនោះផងដែរ លោក សុខ សូកាន បានផ្សព្វផ្សាយអំពីគោលនយោបាយដឹកនាំប្រទេសរបស់គណបក្ស ប្រជាជន កម្ពុជា និងបានបង្រៀនដល់ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅផ្សារទាំងពីរនៃឃុំព្រះបាទជាន់ជុំគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
លោកក៏បានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ដែលបានរួមសុខ រួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ចេញពីការតស៊ូ លះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សគ្រប់រូបក្នុងបុព្វហេតុជាតិនិងប្រជាជនកន្លងមក កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលជាសច្ចភាពនៃប្រវត្តិសាស្រ្តមិនអាចប្រកែកបានឡើយ។
អាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលកំពុងរស់នៅជិតផ្សារកសិផល សុខ អាន ទន្លាប់ ភូមិ១ផលិតផល១ និងអាជីវករ នៅផ្សារទន្លាប់ បានបង្ហាញការស្វាគមន៍ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងក្តីនឹករលឹកដល់សម្តេចវិបុលបញ្ញ សុខ អាន ដែលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាជន និងការអភិវឌ្ឍនានានៅស្រុកគិរីវង់ ក៏ដូចជានៅទូទាំងប្រទេស។ បងប្អូនអាជីវករលក់ដូរនៅផ្សារទាំងពីរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀតពេញផ្ទៃប្រទេស។
សូមរំលឹកផងដែរថា ផ្សារកសិផល សុខ អាន ទន្លាប់ ភូមិ១ផលិតផល១ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពី ឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបំណងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ ប្រជាជននៅទូទាំង ស្រុកគិរីវង់ តាមរយៈការជំរុញការផលិត និងផ្តល់ជាទីផ្សារជូនសហគមន៍កសិកម្ម និងប្រជាសិករ អាចយកផលិតផល និងដំណាំកសិកម្ម មកលក់នៅទីផ្សារនេះ ដោយគ្មានបង់កម្រៃណាមួយឡើយ។
ជាមួយគ្នានោះផងដែរ បងប្អូនអាជីវករ លក់ដូរនៅផ្សារទាំងពីរ និងប្រជាពលរដ្ឋស្រុកគិរីវង់ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេស ដើម្បីរួមចំណែកបន្តរក្សាមរតកស្នាដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត៕