(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់អាជីករលក់ដូរនៅផ្សារបឹងបៃតង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមផ្សារ, លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ទន្ទឹមនឹងនោះ លោក ម៉ម ប៊ុនហេង ក៏បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះអាជីករលក់ដូរ សម្តែងការគាំទ្រ និងសប្បាយរីករាយស្វាគមន៍យ៉ាងខ្លាំងចំពោះការចុះសំណេះសំណាល និងការបង្ហាញនូវគោលនយោបាយរបស់បក្ស រួមទាំងការបង្រៀនគូសសន្លឹកឆ្នោត ដែលដឹកនាំដោយ លោក ម៉ម ប៊ុនហេង។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕