(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និងបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីក្រុងហ្សាការតា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យប្រជុំចង្អៀត)
នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពី ការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ សំខាន់ជាងនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរដល់ លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់លោកទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ លោកឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះជំនួបរវាង លោក ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមានមួយ។
* ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វាហាន អាល់ស៊ូដ (Faisal bin Farhan Al-Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើលិខិតូបករណ៍ ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជារដ្ឋភាគីទី៥១ នៃ TAC និងបានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍។
* ជំនួបទ្វេភាគី
លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយលោកស្រី ផិននី វង់ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបានផ្លាស់ប្តូរ ទស្សនៈអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕