(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំឲ្យក្រុមអាជីវករទាំងអស់ផ្សារព្រែកដាច់ ស្ថិតនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានជំរុញប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឆ្លៀតយកឱកាសនោះ សម្តែងនូវការគោរពដឹងគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវករទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកលើកដែក ដែលតែងតែផ្តល់យុត្តិធម៌ និងការគាំទ្រយ៉ាងរឹងមាំគ្រប់ដំណាក់កាលបោះឆ្នោត ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
ជាមួយនឹងការចុះជួបសំណេះសំណាល និងជំរុញដល់បងប្អូនអាជីវករនៅផ្សារព្រែកដាច់ឱ្យអញ្ជីញទៅបោះឆ្នោតនេះ បងប្អូនអាជីវករក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។ អាជីវករបានថ្លែងអរគុណដល់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។
នាឱកាសនោះលោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានក្រើនរំលឹកឱ្យបងប្អូនអាជីវករនៅក្នុងផ្សារព្រែកដាច់រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន សម្រាប់ការបោះឆ្នោត ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំមាតុភូមិកម្ពុជា ក្នុងសុខសន្តិភាព កាន់តែរីកចម្រើនរុងរឿងទៅមុខរៀងរហូត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ៕