(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវឱ្យសមាជិកសមាជិកា និងប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបន្តគាំទ្របោះឆ្នោតជូនគណ
បក្សប្រជាជនកម្ពុជា ដើម្បីឲ្យកាន់តែច្បាស់លោក ជា ចាន់តូ និងក្រុមការងារ បានចុះបង្ហាត់បង្ហាញប្រជាពលរដ្ឋស្ថិត ក្នុងស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវទៀតផង។
ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងនៅក្នុងឱកាសដែលអញ្ជើញបន្តចុះឃោសនារកសម្លេងឆ្នោត សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្សនៅភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានលើកឡើងថា ជាង៤៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរក និងថែរក្សាការពារសន្តិភាព ដែលបានមកយ៉ាងលំបាក ដើម្បីការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រកាន់ខ្ជាប់ខ្ជួន ជាប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ថែមទៀតផង។
លោក ជា ចាន់តូ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី១៨ក្នុងសន្លឹកឆ្នោត។ ទន្ទឹននេះបានអំពាវនាវដល់ប្រជាពលរដ្ឋ មានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោកសន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីឲ្យកាន់តែច្បាស់ទៀតនោះលោក ជា ចាន់តូ និងក្រុមការងារ ក៏បានបង្រៀនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវផងដែរ៕