(ភ្នំពេញ)៖ លោក ឌួង ឆាយ ថៅកែអតីត Sound Club បានចេញមុខបំភ្លឺដល់សាធារណជន ហើយច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ The Cambodia Daily ដែលថា «ក្លឹបរបស់លោកកំពុងមានការប្រើប្រាស់គ្រឿងញៀន» ខណៈដែលក្លឹបរបស់លោកបានបិទដំណើរការតាំងពីឆ្នាំ២០២០ អំឡុងកូវីដ១៩ ហើយគ្មានការប្រើប្រាស់គ្រឿងញៀន ដូចការចោទប្រកាន់ទេ។

ជុំវិញបញ្ហានេះ លោក បានចាត់ទុកថា ការផ្សព្វផ្សាយបំភ្លៃរបស់ The Cambodia Daily ជាការផ្សព្វផ្សាយដោយខ្វះមូលដ្ឋានព័ត៌មាន និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ បន្ថែមពីនេះ ការផ្សាយចោទប្រកាន់នេះ នឹងកាន់តែធ្វើឲ្យ The Cambodia Daily បាត់បង់តម្លៃរបស់ខ្លួន។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈឲ្យបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីត១៩ បានធូរស្រាល។ ចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

Sound Club ត្រូវបានបិទដំណើរការតាំងពីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អំឡុងពេលដែលកម្ពុជា និងពិភពលោករីករាលដាលជំងឺកូវីដ១៩ ស្របពេលដែល ក្រសួងសុខាភិបាលប្រកាសឲ្យបិទ KTV ក្លឹបកម្សាន្ត និងរោងភាពយន្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល។ ជាមួយនឹងការអ​នុវត្តវិធានការនេះ Sound Club បានសម្រេចមិនបានបើកដំណើរការវិញទេ គឺបិទជារៀងរហូត។ នេះបើតាមការប្រកាសរបស់ លោក កាលពីឆ្នាំ២០២០។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្លឹបរបស់លោក មានការប្រើប្រាស់គ្រឿងញៀន លោក ឌួង ឆាយ បានបញ្ជាក់ថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ម៉ឺននាក់ អាចធ្វើជាសាក្សីបាន ដែលក្នុងក៏មានតារាផងដែរ ហើយការផ្សព្វផ្សាយបែបនេះ គឺជាការបំភ្លៃមួលបង្កាច់លើអាជីវកម្មរបស់លោកទាំងស្រុង។ លោកអះអាងថា កន្លងទៅពាក់ព័ន្ធនឹងវិធានការទប់ស្កាត់គ្រឿងញៀននេះ លោកបានដាក់វិធានការពិនិត្យទឹកនោមបុគ្គលិករៀងរាល់២សប្តាហ៍ម្តង។ ដោយឡែកសម្រាប់ភ្ញៀវដែលចូលកម្សាន្ត ប្រសិនបើមានករណីសង្ស័យ ក៏អញ្ជើញគាត់ឱ្យចេញពីក្លឹបផងដែរ។

លោកបានសំណូមពរឱ្យ The Cambodia Daily ធ្វើការបកស្រាយឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀតចំពោះការរកស៊ីរបស់លោក។ លោកបានអះអាងថា លោកមិនអាចរកស៊ីល្មើសច្បាប់បានទេក្នុងមួយជីវិតរបស់លោកនេះ ហើយក៏លោកមិនកេងប្រវ័ញនរណា និងធ្វើបាបនរណានោះទេ។ លោកក៏ទាមទារឱ្យ The Cambodia Daily ធ្វើការសុំទោសលោកជាសាធារណៈដែរ ចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក និងស្នើឱ្យសាធារណជនឈប់ជឿលើសារព័ត៌មានដែលនៅឆ្ងាយពីកម្ពុជាមួយនេះ។

លោកបានរិះគន់ថា សារព័ត៌មាន The Cambodia Daily បានលក់ក្បាលទៅឱ្យបរទេសបាត់ទៅហើយ បានជាតែងតែវាយប្រហារ ចោទប្រកាន់ម្តងហើយម្តងទៀត មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកមានការខឹងសម្បារយ៉ាងខ្លាំងដែល សារព័ត៌មាននេះ ហ៊ានចោទប្រកាន់ទាំងងងើល មកលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកគឺជាមាតាមួយរូបគួរឱ្យគោរព មានទឹកចិត្តល្អប្រពៃ ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋ ដែលការបំភ្លៃបែបនេះគឺជាទង្វើនយោបាយទុច្ចរិត មិនស័ក្តសមជាអ្នកសារព័ត៌មានឡើយ៕

ខាងក្រោមនេះជាវីដេអូរបស់ លោក ឌួង ឆាយ៖