(ត្បូងឃុំ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក ថេង ច័ន្ទសង្វារ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកត្បូងឃ្មុំ បានបន្តចុះឃោសនា និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនៅភូមិកៀនចក ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកប្រធាន ក៏បានក្រើនរំលឹកដល់សមាជិកសមាជិកាគណបក្សទាំងអស់ ឱ្យដឹងគុណថ្នាក់ដឹកនាំគណបក្ស ដែលបានលះបង់គ្រប់បែបយ៉ាង រំដោះប្រទេសចេញពីភ្លើងសង្រ្គាម កសាងកោះសន្តិភាព ដោយដៃម្ខាងទប់ស្កាត់របបប្រល័យពូជសាសន៍ ដៃម្ខាងទៀតកសាងសេដ្ឋកិច្ច ជម្នះនឹងភាពអត់ឃ្លាន ក្នុងស្ថានភាពដែលហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្សទូទាំងប្រទេស ត្រូវបានបំផ្លាញដល់ឬគល់ និងស្តារប្រទេសមកស្គាល់ភាពរុងរឿង សម្បូរសប្បាយដូចសព្វថ្ងៃ។ សន្តិភាពនេះត្រូវបានថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក។ ដូច្នេះប្រជាពលរដ្ឋម្នាក់ៗ ត្រូវពូនជ្រំវប្បធម៌ការពារសន្តិភាព ដើម្បីឱ្យដំណើរជាតិយើងបន្តឈានឡើងជាលំដាប់។

លោកប្រធាន បានអំពាវនាវដល់សមាជិកគណបក្សត្រូវចូលរួមបោះឆ្នោតឱ្យបានស្រុះគ្នាជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់។ លោកប្រធាន ក្រុមការងារ បានណែនាំសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក «សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង»

ជាមួយគ្នានេះដែរ លោកប្រធាន ក៏បានណែនាំដល់សមាជិកគណបក្សគ្រប់រូប ឱ្យត្រៀមអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោត។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។

សូមបញ្ជាក់ថា អង្គពិធីទាំងមូល បានប្រកាសគាំទ្រជាឱឡារិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕