(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានចាត់ទុកថា បណ្តឹងរបស់សហជីពសេរីកម្មករ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យចាត់វិធានការលើពួកគេ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់នោះឡើយ។
ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពីសហជីពសេរីកម្មកររបស់ លោក ជា មុនី បានធ្វើលិខិតមួយប្តឹង ទៅរដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង ឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះ កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដោយចោទអ្នកទាំងពីរថា បានតាំងខ្លួនជាតំណាងសហជីព ក្នុងការតវ៉ារឿង លោក សម រង្ស៊ី ស្នើឱ្យអឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជា។
ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ស្រី ចំរើន និង កញ្ញា ធី សុវណ្ណថា បានបដិសេធទៅនឹងការចោទប្រកាន់នេះ។ ពួកគេបានលើកឡើងថា ការលើកឡើងរបស់សហជីពសេរីកម្មករ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងប្រឈមមុខចំពោះផ្លូវច្បាប់។
លោក ស្រី ចំរើន បានឱ្យដឹងថា «នៅក្នុងញាត្តិដែលខ្ញុំបានដាក់ គឺខ្ញុំសហការជាមួយ សហជីព និងតំណាងកម្មករកម្មការនី ចំនួន១០០នាក់ ហើយយក៏មានការចូលរួមជាមួយយុវជនផងដែរ ដូចនេះអ្វីដែលគាត់លើកឡើង គឺពុំមានសមាសធាតុផ្សំ នៃមូលដ្ឋានច្បាស់លាស់ ដែលតម្រូវឱ្យក្រសួងការងារចាត់វិធានការចំពោះរូបខ្ញុំ នោះឡើយ»។
លោក ស្រី ចំរើន បានបន្ថែមថា សហជីពសេរីកម្មករ មិនគួរខឹងសម្បារលោក និង កញ្ញា ធី សុវណ្ណថា នោះទេ ប៉ុន្តែគួរខឹងអ្នកដែលស្នើឱ្យអឺរ៉ុបបិទទីផ្សារនាំចេញ សម្លៀកបំពាក់របស់កម្ពុជាទៅអឺរ៉ុប ដោយសារការធ្វើបែបនេះ គឺជាការបំបែកឆ្នាំងបាយរបស់កម្មករ និងសហជីព។
លោក ចំរើន និយាយថា «អ្វីដែលត្រូវលោកគួរស្នើសុំ គឺស្នើកុំអោយ សហភាពអឺរ៉ុប បិទទីផ្សារនាំចូលពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ព្រោះកម្មការ កម្មការនីជាអ្នករងគ្រោះ អញ្ចឹងសូមលោកគិតជាថ្មីម្តងទៀត។ អ្វីជាពិសេសជាងនេះទៅទៀតគឺពាក់ព័ន្ធ កញ្ញា ធី សុវណ្ណថា គឺលោក (សហជីព) បានបំពានសិទ្ធិបុគ្គល និងអាចជាប់ពីបទបរិហារកេរ្តិ៍ ចំពោះកញ្ញា ធី សុវណ្ណថា»។
សូមជំរាបថា នាថ្មីៗនេះ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានគៀងគរសហជីព និងកម្មករមួយចំនួនដើម្បីជួបជុំគ្នាដាក់ញត្តិ ទៅកាន់រដ្ឋសភា ដើម្បីប្រឆាំងទៅនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលផ្តល់គំនិតឱ្យសហគមន៍អឺរ៉ុប យកការបិទទីផ្សារសំលៀកបំពាក់កម្ពុជា ដើម្បីដាក់គំនាប លើរាជរដ្ឋាភិបាលកម្ពុជា។
កម្មករបានចាត់ទុកថា ការលើកឡើងរបស់ លោក សម រង្ស៊ី ពុំបានគិតអំពីការប៉ះពាល់ដល់ជីវភាពកម្មករទាល់តែសោះ ហើយការលើកឡើងនេះគ្រាន់តែ ដើម្បីចំណេញនយោបាយប៉ុណ្ណោះ៕