(ភ្នំពេញ)៖ អ្នកសារព័ត៌មានជើងចាស់ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយរបស់ The Cambodia Daily បង្ហាញស្តង់ដារវិជ្ជាជីវៈកម្រិតទាបក្រោមសូន្យក្នុងប្រទេសលោកខាងលិច។

តាមរយៈសំណេរក្រោមប្រធានបទ តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចធ្លាក់ចុះដល់បាតដី? នៅលើបណ្ដាញសង្គម Facebook នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា បានបញ្ជាក់ទាំងស្រុងដូច្នេះថា៖

កាលពីមុន យើងខំឲ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើនដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។ ប៉ុន្តែ ចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដារកម្រិតទាបក្រោមសូន្យដោយគ្មានតម្លៃវិជ្ជាជីវៈសូម្បីប៉ុនសរសៃសក់។

- មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោងដោយគ្មានអ្នករាយការណ៍ព័ត៌មាន។

- មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។

- និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសាឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាមក៏ពួកគេប្រើយ៉ាងពេញមាត់ដោយមិនញញើត។

- និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសារ ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។

- ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្តដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ក្រៅពីមាត់ខ្លួនឯងថាដោយការបូកផ្សំច្បោលៗ។

- អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិកក៏ចេះតែផ្សាយទៅរួច។

- ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថាជាអ្វីឲ្យពិតប្រាកដផងនោះមកធ្វើជាល្បោយដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។

- យកមនុស្សដែលគេស្គាល់ពេញស្រុកថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំដើម្បីឲ្យវាយប្រហារលើរាជរដ្ឋាភិបាលដោយគ្មានសង្ស័យសូម្បីតែបន្តិច។

- បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជាដែលជាប្រទេសតូចមួយសោះថាជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។

បើសារព័ត៌មានប្រភេទនេះកើតនៅក្នុងប្រទេសតូចតាចដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែ វាបានកើតក្នុងមហាប្រទេសដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌មាន?

តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដារសារព័ត៌មានលោកខាងលិចពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន?

ប្រសិនបើប្រទេសលោកខាងលិចពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឲ្យអស់ទៅព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ៕