(ព្រះសីហនុ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ តំណាងលោក សៀង សុខ ព្រះរាជអាជ្ញា បានធ្វើការដុតបំផ្លាញបារី និងវត្ថុតាងក្លែងក្លាយប្រមាណជាង៤០តោន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្ក្រាបបាននាពេលកន្លងទៅ។

លោក ធុច បញ្ចសន្តិភាព បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក សមត្ថកិច្ចបានចុះបង្រ្កាបនូវទីតាំងលួចផលិតបារីក្លែងក្លាយ (ESSE) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
លោកបន្តថា ពេលចុះបង្រ្កាប កម្លាំងជំនាញបានដកហូតសម្ភារបម្រើឲ្យការផលិតនូវបារីក្លែងក្លាយ និងបានរំលោភទៅលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុនពិតប្រាកដមែន។

បន្ទាប់មកក៏បានចងក្រងជាសុំណុំរឿងបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រហូតមានចេញជាសាលក្រម មុនអង្គសេចក្តីតាមសំណើរបស់ក្រុមហ៊ុន ធ្វើការដុតបំផ្លាញចោល។

លោកបន្តទៀតថា ពាក់ព័ន្ធជាមួយវត្ថុតាងដែលរឹបអូសបាន និងដុតបំផ្លាញនៅថ្ងៃនេះ មានចំនួន ១៥មុខក្នុងនោះរួមមាន៖

* កន្ទុយស្នោបារីដើមតូច
* ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី
* ក្រដាសរ៉ូឡូមូរបារីដើមតូច
* ថង់ផ្លាស្ទិចស្រោបសុងបារី
* ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី
* ក្រដាស់រ៉ូឡូអាលុយមីញ៉ូម
* សសៃថ្នាំជក់ (កេស)
* សសៃថ្នាំជក់(ការ៉ុង)
* សម្បកកេស ក្រដាសមូរកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាកESSE (មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច។

សម្ភារសម្រាប់បំរើការផលិតផលក្លែងក្លាយ សរុបប្រមាណចំនួន ៤២,៤៦៥គីឡូក្រាម៕