(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ឋដារ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាពច្បាប់ស្តីពីសារពើពន្ឋ» ផ្សព្វផ្សាយជូនដល់សមាជិក សមាជិកា សរុបជាង ១៥០ក្រុមហ៊ុន ក្នុងនោះ សិក្ខាកាមចំនួនជាង ៨០រូប បានចូលរួមដោយផ្ទាល់ នៅសាល Singapore (Cambodia) International Academy (SCIA) និងសិក្ខាកាមចំនួនជាង ៧០រូប បានចូលរួមតាមប្រព័ន្ឋអនឡាញ។

សិក្ខាសាលានេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ក្នុងន័យរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ សមធម៌សង្គម និងការបន្តលើកកម្ពស់គុណភាពសេវាកាន់តែល្អ រហ័ស សាមញ្ញ និងងាយស្រួល។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានកិត្តិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្នវិស័យទាំងនេះ បានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា វិស័យនេះ បាននិងកំពុងផ្តល់នូវឱកាសការងារដល់ប្រជាជនខែ្មរដោយផ្ទាល់ជាង ២៤ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងដោយប្រយោលដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ទៀត។ លោកបានថ្លែងអំណរគុណដល់ស្ថាប័នអគ្គនាយកដ្ឋានពន្ឋដារ ដែលជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ជាមួយនឹងកិច្ចសហប្រតិបត្តិការតាមរយៈការរៀបចំសិក្ខាសាលាផ្សេងៗ ជូនដល់សមាជិក និងសមាជិកា។

បន្ថែមពីនេះ លោកស្រី ប៊ុន នារី និងលោក លឹម ហ៊ុយជីវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ឋដារ បានថ្លែងថា ដើម្បីអនុវត្តឲ្យស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ឋសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ក្នុងនាមជាតំណាងឲ្យអគ្គនាយកដ្ឋានពន្ឋដារ ដែលជាស្ថាប័នស្នូលរបស់រាជរដ្ឋាភិបាល បានខិតខំផ្សព្វផ្សាយ និងចែករំលែកនូវច្បាប់ និងបទបញ្ញតិ្តដែលមានស្រាប់ បូករួមទាំងច្បាប់ និងបទបញ្ញតិ្តដែលបានធ្វើវិសោធនកម្មថ្មីៗជាបន្តបន្ទាប់ ទៅដល់វិស័យចម្រុះដែលជាអ្នកជាប់ពន្ឋ ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ឋដារ ក៏ដូចជាជំរុញការស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះការបំពេញការតព្វកិច្ចសារពើពន្ឋ៕