(សៀមរាប)៖ លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះឃោសនា នៅឃុំតាអាន និង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីរកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ ក៏សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

​លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានជំរុញឲ្យក្រុមការងារបន្តនាំសារសំខាន់ របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋឲ្យបានជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានណែនាំឲ្យក្រុមការងារ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនា ស្វែងរកសម្លេងឆ្នោត ឲ្យបានសកម្មបំផុត។

លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ ក៏បានប្រាប់ឲ្យគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត៕