(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណាបេក្ខជនតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តនាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តហ្សាបីតិ (វត្តព្រែកស្តី) និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បន្ទាប់ពីបានប្រគេន នៅវត្តគិរីបវង្ស សង្កាត់ចំរើនផល និងវត្តកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ កាលពីម្សិលមិញ។
លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានរៀបចំទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ទាំង៣វត្ត រួមមានវត្តគិរីបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, វត្តកែវសុវណ្ណ ស្ថិតក្នុងសង្កាត់បន្ទាយដី, វត្តហង្សាបីតិ (វត្តព្រែកស្តី) ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយមួយវត្តៗ ទៀនវស្សា១គូរ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ៤កេស ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យកសាង១លានរៀល និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ទៀនវស្សា១គូរ និងបច្ច័យកសាង១លានរៀល។
លោកស្រី ឯម ប៉ុណ្ណា លោកស្រី ឯម ប៉ុណ្ណាបេក្ខជនតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ដោយបានការចូលរួមជាថវិកា និងសម្ភារៈ ពីបងប្អូននារី ជាពិសេសលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា បានរៀបចំប្រតិភូដោយនាំយកទៀនវស្សា និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងព័ទ្ធសីមាវត្ត ចំនួន៣ និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និ ជំទាវ ខាន់ ខៀវ។ ជាការពិតណាស់ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗនៃព្រះពុទ្ធសាសនា ហើយពុទ្ធបរិស័ទ តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលរំលងឡើយ។ ការរៀបចំនូវទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុនោះ ក្នុងគោលបំណងជួយទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងទីវត្តអារាមផង និងបានជូនទៅដល់មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះផងដែរ។
លោកស្រីបានលើកឡើងថា សមាគមនារី ដែលបង្កើតឡើងមកនេះ តែងតែធ្វើសកម្មភាពកិច្ចការងារសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនងាយរងគ្រោះ ដូចជាស្ត្រី និងកុមារីរងគ្រោះជាដើម។ លោកស្រីបន្តថា កន្លងមកនេះសាខា និងអនុសាខា សមាគមនារីខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាព និងសប្បុរសជន បានអនុវត្ត និងចូលរួមយ៉ាងសកម្ម ទាំងថវិកា សម្ភារៈ ដែលបញ្ជាក់ឲ្យឃើញពីទឹកចិត្តជ្រះថ្លា និងចូលរួមជួយទំនុកបម្រុង ដល់សាខាសមាគមនារី ដែលជាស្ថាប័នមួយតែងតែជួយដល់ការងារសង្គម។
នៅក្នុងខណៈនោះដែរ លោកស្រី ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋក៏ដូចព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតព្វកិច្្ចខ្លួនជាប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសពេញចិត្ត ទៅថ្ងៃអនាគត៕