(ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅមុនពេលបើកជាផ្លូវការ នូវការិយាល័យកម្មវិធី Aus4ASEAN Future របស់អូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានស្វាគមន៍ភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងអូស្ត្រាលី ហើយទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៤ ក្នុងប្រទេសអូស្ត្រាលី។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ដដែល នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

បន្ទាប់មកលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដអញ្ជើញចូលរួមជាសាក្សីក្នុងការចុះហត្ថលេខាលិខិតុបករណ៍ចូលសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ពិធីចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងអំពីការសារៈសំខាន់កាន់តែខ្លាំងដែលដៃគូខាងក្រៅផ្តល់ឲ្យអាស៊ាន រួមទាំង ការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគុណតម្លៃសំខាន់ៗរបស់អាស៊ាន ដែលមានចែងនៅក្នុង TAC។

នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការងាររបស់អាស៊ាន ព្រមទាំងរិះរកវិធី និងមធ្យោបាយ ដើម្បីពង្រឹងតំបន់អាស៊ាន ជាចំណុចស្នូលនៃកំណើន ស្របគ្នាជាមួយមូលបទរបស់ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៣។

លោកអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ឡើងវិញ អំពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ។

លោកបណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ឲ្យកាន់តែមានអត្ថន័យ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានទទួលស្គាល់ពីសក្តានុពលយ៉ាងធំធេង សម្រាប់ការចូលរួមកាន់តែជិតស្និទ្ធរវាងអាស៊ាន និងនូវែលសេឡង់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់លាក់ នៅក្រោមអាទិភាពទាំង ៤ នៃចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដើម្បីកសាងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងអាស៊ាន និងនូវែលសេឡង់។

លោកបណ្ឌិត កៅ គឹមហួន ក៏បន្ដអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់រកវិធីដើម្បីពង្រឹងភាពជាដៃគូអាស៊ាន-រុស្ស៊ី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការកង្វល់រួម៕