(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បា​នចេញសេចក្តីថ្លែងការណ៍មួយច្រានចោលខ្លឹមសារព័ត៌មាន The Cambodia Daily Khmer ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់អំពីស្ថានភាពគ្រឿងញៀន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគ្រួសារ។

សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាន បញ្ជាក់ដូច្នេះថា៖ «កាសែតមួយនេះ បានមួលបង្កាច់បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា»។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ថែមថា ក្នុងការដឹកនាំប្រទេសជាតិ សម្ដេចតេជោ តែងតែបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការបន្តដាក់ចេញ និងអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្តីពីការពង្រឹងវិធានការត្រួតពិនិត្យគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំ ស្តីពីការពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ សំដៅបង្ការ និងបង្ក្រាបនូវរាល់បទល្មើសគ្រឿង ញៀនខុសច្បាប់ ការជួយជនរងគ្រោះដោយសារគ្រឿងញៀននិងសមាហរណកម្មពួកគាត់ចូលក្នុងសហគមន៍វិញ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបន្តថា ជាមួយនេះ សម្តេចតេជោ តែងតែបានគាំទ្រ និងអនុញ្ញាតឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមជាមួយដៃគូអនុវត្តច្បាប់គ្រឿងញៀនបរទេស ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ និងអន្តរជាតិក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌអន្តរជាតិឱ្យមានប្រសិទ្ធភាព ទទួលបានកិច្ចសហការ ការអបអរសាទរ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់ The Cambodia Daly Khmer គឺជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ និងក្រុមគ្រួសារម្តងហើយម្តងទៀតក្នុងគោលបំណងបង្ខូចកិត្តិយស វិរបុរសសន្ដិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា ជាក់ស្ដែងកាលពីពេលកន្លងមកនេះ ក៏បានចុះផ្សាយពីក្រុមគ្រួសាររបស់សម្ដេចថា បានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅប្រទេសអូស្ត្រាលី ប៉ុន្តែធាតុពិតគឺសមត្ថកិច្ចរបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា មិនពាក់ព័ន្ធនឹងសាច់ញាតិរបស់សម្ដេចតេជោ គឺលោកឧកញ៉ា ហ៊ុន តូ ក្នុងបញ្ហាគ្រឿងញៀន ដូចដែលបានចុះផ្សាយចោទប្រកាន់នោះឡើយ ពីព្រោះបើសិនវាជាការពិតដូចដែលបាន ចោទប្រកាន់នោះ ប្រាកដជាសមត្ថកិច្ចអូស្ត្រាលីបានចាត់វិធានការច្បាប់រួចបាត់ទៅហើយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា ឧបាយកលខ្មៅកខ្វក់របស់ The Cambodia Daily Khmer នេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ ការគោរពស្រឡាញ់ចំពោះ សម្តេចតេជោ និងគ្រួសាររបស់សម្ដេចពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។ ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ បានបង្ហាញដល់មហាជនជាតិ អន្តរជាតិ អោយឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាត ប៉ុណ្ណោះ។ ការសែតមួយនេះ គួររៀនសូត្រឡើងវិញពី វិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណាបែបវិជ្ជមាន កុំធ្វើតាមបញ្ហាងងឹតងងល់របស់ចៅហ្វាយនាយអមិត្តដូចពេលនេះ ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់សាធារណៈជន មេត្តាកុំជឿនូវការ ផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ក្នុងគោលបំណងទុច្ចរិត បំបែកបំបាក់ ឯកភាពជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ដែលឧបាយកលទាំងអស់នេះតែងតែត្រូវបានលាត ត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕