(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ​គឺជាលើកទី៣ហើយ ដែលពលរដ្ឋកម្ពុជា ដែល​ត្រូវបានកំណត់អត្តសញ្ញាណប្រមាណជិត៥០ម៉ឺនគ្រួសារ ​ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា​ បន្ទាប់សេដ្ឋកិច្ចសកលរួមនឹងកម្ពុជាបានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យ​តម្លៃទំនិញនៅលើទីផ្សារកើនឡើង។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត​កាលពីថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២២​ ក្នុងបំណងជួយសម្រួលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងជាផ្នែកមួយកសាងភាពធន់សង្គមឱ្យកាន់តែរឹងមាំបានមួយកម្រិតទៀត។

មានទីលំនៅ នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបច្ចុប្បន្នរស់នៅជាមួយ​សមាជិក៤នាក់ ក្នុងបន្ទុក ​អ្នកស្រីសាន់ ដួងដារ៉ា បើកបានប្រាក់ឧបត្ថម្ភចំនួន១៨ម៉ឺនរៀលក្នុងម្តង បន្ទាប់ពីអ្នកស្រី ត្រូវបានអាជ្ញាធរសង្កាត់ វាយតម្លៃឱ្យទទួលបានប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា​ សម្រាប់ចំណាយទៅលើតម្រូវការចាំបាច់ ដូចជាការទិញអង្ករ ថ្នាំ និងសម្រាប់ចៅរៀនជាដើម។

ស្ថិតក្នុងវ័យចំណាស់ និងត្រូវទទួលបន្ទុកចិញ្ចឹមកូនម្នាក់ និងចៅ២នាក់ផងនោះ អ្នកស្រីដួងដារ៉ា បានសំណូមពរដល់អាជ្ញាធរ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រួសារអ្នកស្រីម្តងទៀត ដើម្បីទទួលបានសមធម៌ ឬបណ្ណក្រីក្រ ដើម្បីអាចទទួលប្រាក់ឧបត្ថម្ភបន្តពីរាជរដ្ឋាភិបាល និងទៅមន្ទីរពេទ្យ ដោយគិតថ្លៃ ខណៈដែលអ្នកស្រីក៏មានជំងឺជាប្រចាំផងដែរ។

​មានវ័យ៥២ឆ្នាំ អ្នកស្រី​ លី ណៃស៊ឹម ដែលទើបត្រឡប់ពីបើកប្រាក់លើកទី៣ ​​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា​នេះបានឱ្យដឹងថា ថវិកានេះបានជួយសម្រួលជីវភាពរបស់អ្នកស្រីបានមួយផ្នែក សម្រាប់ការចំណាយទៅលើការទិញម្ហូប និងបង់សាលាចៅ។ ​

បន្ទាប់ពីបញ្ហារីករាលដាលជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ច បានធ្វើឱ្យគ្រួសារអ្នកស្រី សំ សុភាព ដែលមានសមាជិកក្នុងបន្ទុក​៩នាក់ ជួបបញ្ហាខ្វះខាត ខណៈការលក់ដូរបន្លែនៅផ្ទះប្រចាំថ្ងៃក៏មិនសូវមានមនុស្សទិញច្រើនដូចមុន។ តែជាសំណាងល្អដែលគ្រួសារអ្នកស្រី ត្រូវបានអាជ្ញាធរសង្កាត់ផ្សារថ្មីទី២ បានកំណត់អត្តសញ្ញាណដើម្បីទទួលបានប្រាក់ឧបត្ថម្ភ​ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។​

ដោយមានសមាជិកគ្រួសារច្រើន ​ក្នុងមួយដង ​គ្រួសារស្រ្តីវ័យ៦២ឆ្នាំរូបនេះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៣១ម៉ឺនរៀល។​

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

គ្រួសារដែលត្រូវបានកំណត់អត្តសញ្ញា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ គឺផ្តោតលើគ្រួសារដែលរស់នៅកៀកនឹងបន្ទាត់ក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដែលមានពិការភាព កុមារក្រោមអាយុ២ឆ្នាំ ជនចាស់ជរាមានអាយុចាប់ពី៦២ឆ្នាំឡើង, ក្នុងគ្រួសារមានស្រ្តីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី និងគ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានគ្រប់ដណ្តប់លើគ្រួសារចំនួនជិត៥០ម៉ឺនគ្រួសារ ដែលស្មើនឹង ១.៨លាននាក់។

បណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា គិតមកដល់ការបើកប្រាក់ឧបតម្ភលើកទីនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ប្រមាណជាង៤០លានដុល្លារ ក្នុងនោះ ការបើកប្រាក់ឧបត្ថម្ភលើកទី៣នេះ មានចំនួន១៧លានដុល្លារ៕