(ពោធិ៍សាត់)៖ ក្មេងប្រុស២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលដដែល បានបន្ថែមថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរក្រុមការងារសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕