(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកគ្រឿងចក្រកែលម្អប្រព័ន្ធរំដោះទឹកបន្ថែម ដើម្បីរំដោះទឹកដែលដក់នៅលើផ្លូវជាតិលេខ៤ មុខវិទ្យាស្ថានកងរាជអាវុធហត្ថ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទឹកដែលបន្ដដក់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើនេះ ដោយសារស្ថានភាពភ្លៀងខ្លាំងកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលនាំឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ពិសេសមានការកកស្ទះចរាចរណ៍នៅពេលល្ងាច។ ម្យ៉ាងស្ថានភាពទឹកដក់នេះ ក៏អាចប៉ះពាល់ដល់គុណភាពផ្លូវផងដែរ។
ដោយមើលឃើញពីស្ថានភាពនេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានបញ្ជាឲ្យនាំយកគ្រឿងចក្រជាច្រើនគ្រឿង ធ្វើការកែលម្អដោយកាយដីដាក់លូបណ្ដោះអាសន្ន ដើម្បីកុំឲ្យមានទឹកដក់នៅតំបន់ទីប្រជុំជននេះ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
មន្ដ្រីបានឲ្យដឹងថា ស្ថានភាពទឹកដែលដក់យូរថ្ងៃនៅតំបន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយហូរជន់មកពីតំបន់បែកចាន ប៉ុន្ដែទោះជាយ៉ាងណាក្រោយការកែលម្អដោយរៀបប្រព័ន្ធរំដោះទឹកបន្ថែមនោះ លែងមានទឹកដក់ទៀតឡើយ៕