(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន​ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបជាមួយសមាជិក សមាជិកាបក្ស៤សង្កាត់ ក្នុងក្រុងបាត់ដំបង គឺសង្កាត់ព្រែកព្រះស្ដេច, សង្កាត់រតនៈ, សង្កាត់ស្លាកែត និងសង្កាត់ក្តុងដូនទាវ ក្នុងចំណោមសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាល៧ ឆ្នាំ២០២៣នេះ នៅទីតាំងផ្សេងគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវសមាជិកសមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈមានអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ សម្រាប់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បានគ្រប់ៗគ្នា។

លោកបានអំពាវនាវដល់សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ថា សូមបងប្អូននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសអាណត្តិទី៧ និងអាណត្តិ ក្រោយៗ បន្តទៀត ឆ្ពោះទៅរកការកសាងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតជូនប្រជាជនកម្ពុជា រស់នៅបានសុខសាន្ត ក្រោមដំបូលសន្តិភាពធ្វើឲ្យប្រទេស មានភាពល្បីល្បាញ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងនៅ
ក្នុងតំបន់និងក្នុងពិភពលោកតទៅ ព្រមទាំងប្រឆាំងមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីឡើងវិញជាដាច់ខាត។

នៅយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ ថ្នាក់ដឹកនាំបក្ស ក៏បានបង្ហាត់ បង្ហាញ បង្រៀន ពីរបៀបគូសលើសន្លឹកឆ្នោតគំរូដើម្បីឲ្យបងប្អូនចេះគូសបានត្រឹមត្រូវយកជាផ្លូវការបាន ចៀសវាងគូសខុសធ្វើឲ្យសន្លឹកឆ្នោត យើងមិនអាចយកជាការបានធ្វើឲ្យខូចសន្លឹកឆ្នោតខុសមិនបានការ ព្រោះសន្លឹកឆ្នោតបងប្អូនម្នាក់ៗមានតម្លៃនិងសំខាន់ណាស់សម្រាប់ការបោះឆ្នោតនេះ ដែលជាការសម្រេចជោគវាសនាប្រទេសជាតិយើងតទៅមាន អនាគតល្អប្រសើរ៕