(ភ្នំពេញ)៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានសម្តែងនូវការ អរគុណចំពោះសម្តេចតេជោហ៊ុនសែន ដែលសម្រេចបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង សម្រាប់ដឹកកម្មករ និយោជិតដោយមិនគិតថ្លៃក្នុងការធ្វើដំណើរទៅបោះឆ្នោត នៅស្រុកកំណើតនៅថ្ងៃទី២៣ខែកក្កដាខាងមុខ។

លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ ប្រមុខរាជរដ្ឋាភិបាលបែបនេះ ខណៈដែលការធ្វើធ្វើដំណើរតាមរថយន្តក្រុងនេះ ពិតជាបានជួយសម្រួលដល់ពួកគាត់យ៉ាងច្រើន។

សំឡេង៖ «ក្នុងនាមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខនិងការលំបាក របស់កម្មករ និយោជិតក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅឯស្រុកកំណើត ដោយបានរៀបចំឱ្យមានរថយន្តក្រុងចំនួន350គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករ ដោយឥតគិតថ្លៃ ដែលវាអាចជួយ៖ កាត់បន្ថយការចំណាយរបស់កម្មករ និយោជិតផង, ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផង ហើយវាក៏ជួយសម្រួលការលំបាករបស់កម្មករ ក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរផង»

ជាមួយការថ្លែងអំណរគុណនេះដែរ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ក៏បានអំពាវនាវដល់បងប្អូនកម្មករ និយោជិត ទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍និងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករ និយោជិតមិនឱ្យបាត់បង់។ សូមរម្លឹកថា តាមរយៈសារសំឡេងពិសេស កាលពីថ្ងៃទី១១ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជា ឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្នុងរង្វង់៣០០ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបោះឆ្នោតដើម្បីសម្រួលទៅដល់កម្មករ កម្មការិនី សម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើតធ្វើការបោះឆ្នោត។ ការរៀបចំរថយន្តសម្រាប់ជូនប្រជាពលរដ្ឋទៅបោះឆ្នោតនេះ ធ្វើឡើងដោយគ្មានការរើសអើង គណបក្សនយោបាយណាមួយឡើយ៕

អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន