(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេ សន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ទទួលបាន ៥ប្រទេសទៀត ជាសមាជិក នៅឆ្នាំ២០២៣នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) ដែលបានធ្វើឡើង នៅទីក្រុងហ្សាការតា។
ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានសម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ផងដែរ។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្រ្តីការបរទេសអាស៊ាន រំពឹងទុកនូវការចុះហត្ថលេខារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ TAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។
TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។
គិតត្រឹមឆ្នាំ២០២២ TAC មានសមាជិក ៥០ ក្រោយអនុញ្ញាឲ្យអ៊ុយក្រែនចូល។ អេស្ប៉ាញ ដាក់ឯកសារយឺតយ៉ាវ ទើបត្រូវពន្យារពេលឲ្យចូល TAC នៅឆ្នាំ២០២៣នេះវិញ៕