(កំពង់ឆ្នាំង)៖ ដីព្រែលិចទឹកតំបន់៣ ដែលមួយចំនួនជាដីដែលប្រជាពលរដ្ឋធ្លាប់បានអាស្រ័យផលកន្លងមក ហើយត្រូវបានរាជរដ្ឋាភិបាលដកហូតមកទុកជាសម្បត្តិរដ្ឋវិញតាំងពីឆ្នាំ២០២១ ដើម្បីរក្សាព្រៃលិចទឹកឲ្យដុះឡើងវិញ ទុកជាជម្រកត្រីពងកូន និងដីមួយចំនួនទៀតជាដីព្រៃលិចទឹកតំបន់៣សុទ្ធសាធ ដែលជាជម្រកត្រីពងកូនជាយូរយារមកហើយនោះ ត្រូវបានក្រុមជនឆក់ឱកាសមួយចំនួនចូលឈូសឆាយ និងទន្ទ្រានយកមក វិញមានរហូតរាប់ រយហិកតា ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឱ្យបានឡើយ។

ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលត្រូវបានក្រុមជនខិលខូចបានឆក់ឱកាសលួចចូលឈូសឆាយ និងដីមួយចំនួនទៀតដែលកន្លងមកត្រូវបានរដ្ឋដកហូតមកទុកជាសម្បត្តិរដ្ឋវិញ គេក៏បានចូលភ្ជួរទន្ទ្រានសារជាថ្មីឡើងវិញផងដែរ។​ ដីតំបន់៣ដែលមានការចូលឈូឆាយនឹងទន្ទ្រានសារជាថ្មីខាងលើនេះ ត្រូវបានរកឃើញនៅលើទីតាំងមួយចំនួនផ្សេងគ្នា ស្ថិតនៅក្នុងចំណុចតាមដងព្រែកសាយ ក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ជនល្មើសបានប្រើត្រាក់ទ័រជាច្រើន គ្រឿងលួចចូលឈូសឆាយ និងភ្ជួរឡើងវិញក្នុងពេលថ្មីៗនេះ អស់ទំហំរហូតដល់រាប់រយហិកតា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានដោយមានការសហការជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើដំណើរតាមផ្លូវទឹកចុះទៅកាន់ទីតាំងចំនួន៤ នៅក្នុងភូមិសាស្ត្រ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ដើម្បីថតយករូបភាពជាក់ស្ដែងយកមករាយការណ៍ជូនមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្នុងខេត្ត ដើម្បីចុះពិនិត្យ ទប់ស្កាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ចំពោះជនខិលខូចដែល បាននិងកំពុងប្រព្រឹត្តយ៉ាងអាណាធិបតេយ្យនេះ។

កិច្ចសហប្រតិបត្តិការខាងលើនេះផងដែរ ក្រុមការងារបានប្រើឧបករណ៍ដ្រូនបង្ហោះថតផ្ដិតយករូប ភាពពីលើជាក់ស្ដែងទៅលើទីតាំងចំនួន៤ទីតាំង ក្នុងភូមិសាស្ត្រដីព្រៃលិចទឹកតំបន់៣ដែលស្ថិតនៅក្បែរៗគ្នា រួមមាន៖

*ទីតាំងទី១៖ ស្ថិតនៅចំណុចយាយភាជ (ចំណុចនេះសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល បានចុះទៅវាស់វែងរួចហើយ ដែលបានរកឃើញមានការឈូសឆាយដីព្រៃលិចទឹកតំបន់៣ជាង ៥២ហិកតា)
*ទីតាំងទី២៖ ចំណុចខ្លាខាំគោ ចំណុចនេះនៅទល់មុខ និងចំណុចយាយភាជប្រហែលជា ៣០០ម៉ែត្រ មានទំហំរាប់រយហិកតា
*ទីតាំងទី៣៖ ចំណុចបាយឆៅនៅជាប់នឹងចំណុចយាយភាជផងដែរ
*ទីតាំងទី៤៖ ចំណុចបឹងចារៀក នៅទល់មុខចំណុចបាយឆៅ ទាំងបួនចំណុចខាងលើនេះបើតាមការប៉ាន់ស្មានអស់ទំហំរាប់រយហិកតា។

ករណីនេះ អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា លោកទទួលបទបញ្ជាពីលោកអភិបាលខេត្ត ដោយបញ្ជាឲ្យក្រុមការងារថ្នាក់ស្រុក ចុះទៅពិនិត្យទីតាំងទាំងអស់ខាងលើនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះជាកំហិត។

លោកបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១១ ខែកក្កដា លោកក៏បានកោះហៅអ្នកដែលមានត្រាក់ទ័រក្នុងស្រុកកំពង់លែងទាំងអស់មកធ្វើការប្រជុំផ្សព្វផ្សាយអប់រំផ្លូវច្បាប់ដល់ពួកគាត់ក្នុងការចូលឈូសឆាយ និងភ្ជួររាស់ក្នុងដីព្រៃ លិចទឹករបស់រដ្ឋទាំងដីថ្មី និងដីដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមក ដែលត្រូវបានរដ្ឋដកហូតទុកជាសម្បត្តិរដ្ឋវិញ ត្រូវតែបញ្ឈប់សកម្មភាពទាំងអស់នេះបន្តទៀត។

ដោយឡែកនៅក្រោយការបោះឆ្នោត លោកក៏នឹងមានផែនការកោះហៅពួកគាត់មកម្ដងទៀត ដើម្បីប្រជុំផ្សព្វផ្សាយ និងដាក់ផែនការច្បាស់លាស់ដោយត្រាក់ទ័រ និងគ្រឿងចក្រទាំងអស់ត្រូវមានភ្ជាប់ដោយប្រព័ន្ធ GPS ប្រសិនបើពួកគាត់នៅតែបន្តចូលធ្វើសកម្មភាពក្នុងតំបន់ព្រៃលិចទឹកតំបន់៣ ជាបន្តទៀត នោះពួកគាត់នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។

លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា ពាក់ព័ន្ធព័ត៌មានដែលមានការចូលឈូសឆាយ និងភ្ជួររាស់ក្នុងដីព្រៃលិចទឹកដីតំបន់៣ របស់រដ្ឋជាបន្តបន្ទាប់ខាងលើនេះ។

លោកទទួលបានព័ត៌មានហើយ លោកនឹងប្រមូលកម្លាំងផ្នែករដ្ឋបាលជលផលទាំងអស់ចុះទៅពិនិត្យទីតាំងទាំងអស់នោះ ដើម្បីធ្វើការវាស់រកលេខកូដនិយាមកាឲ្យបានច្បាស់លាស់ ថាតើដីនោះជាប្រភេទដីអ្វី ហើយទំហំនៃការខូចខាត តើមានប៉ុន្មានហិកតា។ បន្ទាប់មកលោកនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីនេះ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅលោកប្រធានមន្ទីរកសិកម្មឲ្យបានឆាប់ផងដែរ។

លោកបានបញ្ជាក់ទៀតថា ដីនៅតំបន់នោះ កន្លងមកប្រជាពលរដ្ឋធ្លាប់បានអាស្រ័យផល តែក្នុងឆ្នាំ២០២១ ដីទាំងអស់នោះត្រូវបានរដ្ឋដកហូតទុកជាសម្បត្តិរដ្ឋវិញ ដោយពុំទាន់បានធ្វើការកាត់ឈ្វៀលជូនពលរដ្ឋវិញ នៅឡើយនោះទេ ហេតុនេះអាជ្ញាធរកមិនអនុញ្ញាតឱ្យជនណាម្នាក់ចូលទៅឈូសឆាយទន្ទ្រាន ឬក៏អាស្រ័យផលនោះដែរ។

លោកបញ្ជាក់ថា ដោយមើលឃើញមួយរយៈនេះការឈូសឆាយរំលោភ បំពានទន្ទ្រានដីរបស់រដ្ឋមានសកម្មភាពគួរឲ្យកត់សម្គាល់ទើបនៅថ្ងៃទី១១ ខែកក្កដានេះ លោកអភិបាលខេត្តបានកោះប្រជុំជាបន្ទាន់មួយនៅស្រុកកំពង់លែង ដើម្បីលើកផែនការក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសការចូលឈូសឆាយ និងទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋទាំងដីថ្មី និងទាំងដីដែលធ្លាប់អាស្រ័យផលពីពេលមុនៗ ហើយត្រូវបានរដ្ឋដកទុកជាសម្បត្តិរដ្ឋវិញ គឺហាមដាច់ខាតមិនឱ្យចូលទៅឈូសឆាយឬក៏ធ្វើសកម្មភាពទន្ទ្រានបានឡើយ។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោកអភិបាលខេត្ត បានដាក់ផែនការឲ្យអាជ្ញាធរឃុំស្រុក គ្រប់គ្រងគ្រឿងចក្រក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ ចៀសវាងគ្រឿងចក្រដែលចូលមកពីក្រៅមូលដ្ឋានដែលធ្វើឲ្យអាជ្ញាធរ ពិបាកក្នុងការគ្រប់គ្រង។

ជុំវិញករណីខាងលើនេះលោក ងិន ហ៊ុន ដែលជានិច្ចជាកាល លោកតែងតែមានការសហការល្អជាមួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីការលួចចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋតាំងតែពីដើមរហូតមកនោះ លោកក៏នឹកហួសចិត្តយ៉ាងខ្លាំងចំពោះការបណ្ដែតបណ្ដោយឲ្យជនខិលខូចចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យដូច្នេះ។ នេះក៏ដោយសារតែខ្វះការយកចិត្តទុកដាក់ និងសហការគ្នារវាងអាជ្ញាធរ និងមន្ត្រីជំនាញរបស់លោកផងដែរ។ តែទោះជាយ៉ាងនេះក្តីលោកនឹងព្យាយាមពង្រឹងបន្ថែមទៀតដើម្បីសហការក្នុងការទប់ស្កាត់ និងបង្ក្រាបករណីចូលទន្ទ្រានដីព្រៃលិច ទឹករបស់រដ្ឋជាបន្តទៀត។

លោកបានបញ្ជាក់ទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំងមកដល់ពេលនេះ ឯកសារដែលត្រូវកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលលោកបានទទួលជាផ្លូវការ គឺមានតែ២ឃុំប៉ុណ្ណោះ គឺឃុំផ្លូវទូក និងឃុំសំរោងសែន ដោយឡែកឃុំឆ្នុកទ្រូ មានមួយចំនួនតូចដែលត្រូវកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋបម្លាស់ទីពីផ្ទះបណ្តែតទឹកមករស់នៅលើគោកវិញ ក្រៅពីនោះគឺមិនមានការអនុញ្ញាតជាលាយល័ក្ខអក្សរពីរាជរដ្ឋាភិបាលនោះឡើយ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធករណីដែលមានត្រាក់ទ័រ៣គ្រឿងចូលលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចយាយភាជ ក្នុងឃុំច្រណូក កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល បានរឹបអូសយកម៉ូតូបាន៣គ្រឿង ដែលម្ចាស់រត់ចោល។

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ឃើញថាម្ចាស់ម៉ូតូទាំង៣គ្រឿងខាងលើនេះ ពិតជាមានការជាប់ពាក់ព័ន្ធក្នុងការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចខាងលើនេះ ដូច្នេះនៅថ្ងៃទី១៣ ខែកក្កដានេះ ម្ចាស់ម៉ូតូទាំង៣ នាក់ និងម៉ូតូ៣គ្រឿងជាវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលារួចហើយដែរ៕