(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ដ្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យសមិទ្ធផលនៃការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក គួច ចំរើន បានឲ្យដឹងថា សមត្ថភាពនៃស្ថានីយប្រព្រឹត្តកម្មទី៣ អាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន២,០០០០ម៉ែត្រគូប ហើយក៏ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែល។ ទឹកកខ្វក់ដែលប្រមូលមកពីតាមគេហដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ សណ្ឋាគារមួយផ្នែក ដែលនៅជុំវិញស្ថានីយប្រព្រឹត្តិកម្មទី១ ដើម្បីធ្វើការបម្លែងទៅជាទឹកមួយ ដែលមានគុណភាព មិនបំពុលបរិស្ថានហូរចូលទៅសមុទ្រ ទឹកដែលបានចម្រោះរួចយើងអាចយកទៅចិញ្ចឹមត្រីក្រឹមបានថែមទៀតផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនបី នៅក្នុងក្រុងព្រះសីហនុ បច្ចុប្បស្ថានិយ៍ប្រព្រឹត្តិកម្មចំនួនពីរ បានដាក់ឲ្យដំណើរការក្នុងនោះ ស្ថានីយទី១៖ មានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃបានចំនួន៥,២០០ម៉ែត្រគីប, ស្ថានីយទី២៖ ផលិតទឹកកខ្វក់បាន ៧២០០ម៉ែត្រគីប និងស្ថានីយទី៣៖ ២,០០០០ម៉ែត្រគីប ហើយស្ថានីយទី៣នេះ កំពុងដំណើការសាងសង់បាន៩៥ភាគរយ ជិតរួចរាល់ និងដាក់សម្ពោធប្រើប្រាស់ខាងមុខ។

លោក សេង វិបុល ជាប្រធានគ្រប់គ្រងការសាងសង់គម្រោងអាប្រព្រឹតិ្តកម្មទី៣ ដោយក្រុមហ៊ុន X-Water Technology Co.,Ltd (កូនខ្មែរ) បានឲ្យដឹងថា ការសាងសង់គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកសំណល់ទី៣ នៅខេត្តព្រះសីហនុ សម្រេចបាន៩៨ភាគរយ ទាំងមេការនិច និងសំណង់ នៃគម្រោងសាងសង់សរុប គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងខែកក្តដា ឆ្នាំ២០២៣ ហើយស្ថានីយប្រព្រឹត្តិកម្មទឹកសំណល់ទី៣ មានទីតាំងនៅអូរប៉ោយឈើទាល មានសមត្ថភាពផលិតទឹកបាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទំហំដី១ហិចតា។

ចំណែកស្ថានីយប្រតិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការសាងសង់ស្ថានីយនេះ បានចាប់ផ្តើមបន្ទាប់ពីស្ថានីយប្រព្រឹត្តិកម្មទី១ និងទី២ ត្រូវបានដាក់ឲ្យដំណើរការ ហើយស្ថានីយប្រព្រឹត្តិកម្មនេះនឹងចម្រោះ និងធ្វើប្រព្រឹត្តិកម្មទឹក មុនពេលដែលវាត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រ។ គម្រោងនេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា៕