(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស ៥២៦៦នាក់ ត្រូវបានឃាត់ខ្លួនទាក់ទងនឹង បទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ងាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយ និងចែករលែកបទពិសោធន៍ ស្ដីការរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៨ ខែកក្កដានេះ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងថា បទល្មើសគ្រឿងញៀន ដែលបង្ក្រាបបាននៅកំឡុង៦ខែដើមឆ្នាំនេះ មាន២១៥៨ករណី ជនសង្ស័យឃាត់ខ្លួនបាន ៥២៦៦នាក់ ទ្រព្យសម្បិត្តិសំខាន់ៗ ចាប់យកបានក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលបានបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត រួមមានរថយន្ដ២៨គ្រឿង ម៉ូតូ៩១៣គ្រឿង ប្រាក់កម្ពុជា ៣៨,៤៣០,៧០០រៀល ប្រាក់ថៃ៣០,៩៥០បាត ប្រាក់វៀតណាម ១៦២,៣២០,០០០ដុង ប្រាក់អាមេរិក ២៣,១៣៥ដុល្លារ ប្រាក់ឡាវ ១៥,០០០គីប ប្រាក់ចិន ២០០យ័ន។
លោកបានបន្ដទៀតថា អនុលោកមាត្រា៩៧ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចាត់ចែងនូវត្ថុ ឬទ្រព្យសម្បិត្តិដែលរឹបអូស។ ហើយប្រាក់ដែលបានមកពីការលក់ទ្រព្យសម្បត្តិ ដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមជាមួយទ្រព្យដទៃទៀត ដែលជាសាច់ប្រាក់ ត្រូវបង់ចូលមូលនិធិជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការអនុវត្តន៍ជាក់ស្ដែងកន្លងមក មិនទាន់ឃើញមានការរឹបអូស និងដាក់លក់ទ្រព្យដែលជាប់ពាក់ព័ន្ធនឹង បទគ្រឿងញៀននៅឡើយទេ។
លោកបានបន្ថែមទៀតថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុបានចេញប្រកាសចំនួន២៖
១/ប្រកាសស្ដីពីការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែង ទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។
២/ប្រកាសស្ដីពីការគ្រប់គ្រង់ និងប្រើប្រាស់ប្រាក់ចំណូល ដែលបានមកពីការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលចេញប្រកាស១៦ ខែឧសភា ឆ្នាំ២០១៦។
លោកបានបញ្ជាក់ទៀតថា ការប្រកាសរួមនេះ មួយផ្នែកនៃប្រាក់ចំណូលដែលទទួលបាន នឹងផ្ដល់ឲ្យអង្គការរដ្ឋ ឲ្យទៅសមាគមឯកជន ក្នុងគោលបំណង គាំទ្រការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ ឬការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន, វិភាគទានដល់ស្ថាប័ន អង្គភាព ឬអង្គការឯកទេសនានា ដែលធ្វើសកម្មភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការស្រាវជ្រាវវិទ្យាសាស្ដ្រ ការធ្វើពិសោធន៍គ្រឿងញៀន ការព្យាបាល និងស្ដារនិតិសម្បទាន អ្នកញៀនគ្រឿងញៀន, ផ្ដល់ការលើកទឹកចិត្តដល់មន្រ្ដីភ្នាក់ងារ ឬអង្គភាពដែលមានស្នាដៃឆ្នើម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្រ្ដីដែលបំពេញភារកិច្ចក្នុងការគ្រប់គ្រង និងប្រមូលចំណូល ដែលបានមកពីបទល្មើសគ្រឿញៀន និងសម្រាប់ពង្រឹងយន្ដការ លើការបង្ក្រាបបទល្មើសគ្រឿងញៀន៕