(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន ១០០%។
ការកោតសរសើរ នេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ០៩លើក ។ សមត្ថកិច្ច បង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការនៃព្រឹត្តិការណ៍ធំ ក្នុងរាជធានីភ្នំពេញបានល្អ ប្រសើរ។
លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានល្អប្រសើរប្រព្រឹត្ត ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។
លោក ម៉ប់ សារិនបន្តថា តាមលទ្ធផលផ្លែផ្កាគួរមោទនភាព ដែលសម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០២៣នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ ពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការ ប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។
តាមរយៈសមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបាន ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច គឺបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញកាន់តែប្រសើរឡើង និងធ្វើឱ្យប្រជាជនសាទរ និងគាំទ្រយ៉ាងទូលំទូលាយ ដោយមានជំនឿទុកចិត្ត ចំពោះការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដ៏ឈ្លាសវៃ។
លោក កើត ឆែ បានលើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើ គឺជាការលើកទឹកចិត្ត ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារទាំងនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី ឲ្យមានការកែម្រួលការងាររបស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតផងដែរ៕