(កំពង់ស្ពឺ)៖ លោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះ​មូល​ដ្ឋាន​ស្រុក​ឱរ៉ាល់ បានក្រើនរំលឹកប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ កុំឱ្យបោះបង់ ឱកាសបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក សុខ ភា បានណែ​នាំពលរដ្ឋថា ការបោះឆ្នោតនាពេលខាងមុខជាឱកាសដ៏ពិសិដ្ឋក្នុងការជ្រើសរើស​មេ​ដឹកនាំប្រទេសដែលមានសមត្ថភាពរក្សាសុខសន្តិភាព និងនាំមកនូវការ​អភិ​វឌ្ឍ​ន៍ថ្មីៗបន្តទៀត។

លោក សុខ ភា បានក្រើនរំលឹកបែបនេះ ក្នុងឱកាសចុះធ្វើយុទ្ធនាការរកសំឡេង​ឆ្នោតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់នាព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣​នេះ។ ក្នុងពិធីនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីលោក សេង ញ៉ក់ បេក្ខជនតំរាងរាស្ត្រមណ្ឌល​ខេត្តកំពង់ស្ពឺ, លោក លេង ផាលី អនុប្រធានទី១ ក្រុម​​ការងារ​ចុះ​មូលដ្ឋានស្រុកឱរ៉ាល់, លោកតូច យ៉ាន ប្រធានក្រុមការងារ​គណ​បក្ស​​ចុះមូល​ដ្ឋាន​ឃុំត្រពាំងជោ និងលោក ចែម សារឹម ប្រធានគណៈកម្មា​ធិការ​បក្សស្រុក។

ក្នុងពិធីនោះក្រៅតែពីលើកបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជា​ក្រប​ខណ្ឌស្រុកឱរ៉ាល់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ​បក្សប្រជាជនកម្ពុជាហើយនោះ លោក សុខ ភា ក៏បានរំលឹកពីទុក្ខលំបាក របស់ប្រជាពលរដ្ឋស្រុកឱរ៉ាល់ដោយសារតែភ្លើងសង្គ្រាមផងដែរ។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលទើបបញ្ចប់ភ្លើង​សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ​ក្នុងឆ្នាំ​១៩៩៦​ប៉ុណ្ណោះ។ ក្រោយបញ្ចប់ភ្លើងសង្គ្រាមហើយនោះ សម្តេចតេជោ ក៏បានដាក់ចេញ​គោល​នយោបាយធ្វើសមាហរណកម្មតភ្ជាប់ស្រុកឱរ៉ាល់ទៅកាន់តំបន់ដទៃទៀត តាមរយៈការសាងសង់សង់ផ្លូវ ស្ពាន ការដោះមីន ជំរុញការវិនិយោគជាដើម។ តាមរយៈនយោបាយនេះហើយ ដែលធ្វើឱ្យស្រុកឱរ៉ាល់មានការអភិវឌ្ឍន៍ និង​រីក​ចម្រើនដូចពេលបច្ចុប្បន្ន។

«នេះជាស្នាដៃ និងគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន របស់បក្សប្រជាជនកម្ពុជា ដែលមិនអាចកាត់ថ្លៃបាននោះឡើយ។ ដូច្នេះត្រូវ​បន្ត​រួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូន​សម្តេច​តេជោ ដើម្បីបន្តទទួលបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀត​នៅក្នុង​ស្រុកឱរ៉ាល់»។ នេះជាការថ្លែងអំពាវនាវរបស់លោក សុខ ភា ទៅកាន់ប្រជាពលរដ្ឋ។

លោក សុខ ភា បានលើកទឹកចិត្តប្រជាពលរដ្ឋស្រុកឱរ៉ាល់ ទៅចូលរួមបោះ​ឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ជាពិសេសបោះជូន​គណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ដឹកនាំ និងកសាងសង្គមកម្ពុជា រកនូវសេចក្តីសុខ និងសុភមង្គលជូនជាតិ និងប្រជាជន៕