(ស្ទឹងត្រែង)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលនានា របស់រដ្ឋាករទឹកស្ទឹងត្រែង ដែលកើតចេញកិច្ចខិតខំប្រឹងប្រែងរួម ដែលបានបង្ហាញឲ្យឃើញអំពីរបត់ថ្មីនៃកំណែទម្រង់ជាប្រវត្តិសាស្ត្រមួយ ដោយពីមុនមានឈ្មោះថា អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ហើយបានប្រែក្លាយ ទៅជាសហគ្រាសសាធារណៈពេញលេញតាមផ្លូវច្បាប់។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងក្រុមប្រឹក្សាភិបាលដ្ឋាករទឹក ស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០២៣នេះ។
លោកទេសរដ្ឋមន្រ្តីបានបន្តថា ការធ្វើកំណែទម្រង់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រឹងចីរភាពរបស់អង្គភាព, បង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការ, កាត់បន្ថយការពឹងផ្អែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ, បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ក្នុងគ្រប់គ្រងការធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។ កំណែទម្រង់នេះ ក៏មានការចូលរួមអបអរសាទរ និងគាំទ្រផងដែរពីដៃគូអភិវឌ្ឍន៍ ជាពិសេស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន ហៅថា JICA។
លោកទេសរដ្ឋមន្ត្រី បានចាត់ទុកថា ដល់ពេលវេលាចាំបាច់មួយ ដែលត្រូវតែកែប្រែអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ទៅជានីតិបុគ្គលនៃនីតិសាធារណៈ ដែលមានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុពេញលេញ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន ដោយការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមបទប្បញ្ញត្តិជាធរមាន និងជាសហគ្រាសសាធារណៈ ដែលមានដើមទុនឬភាគហ៊ុន១០០% ជារបស់រដ្ឋ។
ភ្ជាប់ជាមួយកិច្ចការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹងត្រែងអាណត្តិទី១ និងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង។ ក្នុងនោះក្នុងគោលបំណងដើម្បីពន្លឿនការអនុវត្តបែបបទនិងនីតិវិធី, ក្រសួងបានបញ្ជូនសេចក្ដីព្រាងអនុក្រឹត្យទាំង៣ខាងលើ គោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ស្របពេលជាមួយគ្នាតែម្តង។
ជាលទ្ធផល អនុក្រឹត្យចំនួន៣ ត្រូវបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងដាក់ឱ្យអនុវត្ត រួមមាន៖
១) អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការបង្កើតរដ្ឋាករទឹកស្ទឹងត្រែងជាសហគ្រាសសាធារណៈ
២) អនុក្រឹត្យលេខ៧២៣ អនក្រ.តត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង
៣) អនុក្រឹត្យលេខ៧២៤ អនក្រ.តត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹងត្រែង។
តាមរបាយការណ៌សង្ខេបរបស់លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីដំណើរការរៀបចំបង្កើតរដ្ឋា
ករទឹកស្ទឹងត្រែង ដោយបានបញ្ជាក់ថា ដោយបានមើលឃើញថា រដ្ឋាករទឹកខេត្តស្ទឹងត្រែងមានការពង្រីកសមត្ថភាពធំជាងមុន ជាមួយនឹងការដាក់ទុនវិនិយោគបង្កើតរោងចក្រថ្មី ដ៏ធំមួយមិនធ្លាប់មានពីមុនមក ក្នុងសមត្ថភាព ១២.០០០ម៉ែត្រគូប/ក្នុងមួយថ្ងៃ លើសមត្ថភាពចាស់ដែលមានត្រឹម ៥.៨៨០ម៉ែត្រគូប/ក្នុង១ថ្ងៃ (រាប់បញ្ចូលទាំងប្រព័ន្ធសម្អាតទឹក UFM (Ultra Filtration Membrane) ៣.០០០ម៉ែត្រគូប/ក្នុង១ថ្ងៃផងដែរ) ជាមួយនឹងថវិកាហិរញ្ញប្បទានឥណទាន ក្នុងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ ១៣លានដុល្លារ។
យោងតាមអនុក្រឹត្យស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង រាជរដ្ឋាភិបាលសម្រេចតែងតាំងលោក ប៊ុន ចាន់គង់ ជាអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងអនុក្រឹត្យស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹងត្រែង អាណត្តិទី១ រាជរដ្ឋាភិបាលសម្រេចតែងតាំងលោកបណ្ឌិត ជា វិសុទ្ធ ទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន, លោក ប៊ុន បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសមាជិក, លោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងម្ចាស់ភាគហ៊ុនជាសមាជិក, លោក ញ៉ែម សារី អភិបាលរងនៃគណ: អភិបាលខេត្តស្ទឹងត្រែង ជាសមាជិក និងលោក ប៊ុន ចាន់គង់ អគ្គនាយករដ្ឋាករទឹកស្ទឹងត្រែងជាសមាជិក៕