(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី, លោក គី តិច ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងធ្នង់ និងលោក ឈិត បូរ៉ាវុធ អនុប្រធានទទួលបន្ទុកភូមិក្រាំងធ្នង់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទីជាច្រើនរូបទៀត ជួបសំណេះសំណាល និងបានណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ទៅកាន់ប្រជាពលរដ្ឋ ភូមិក្រាំងធ្នង់ ជិត៣០០នាក់។
ក្រោយមានវត្តមានថ្នាក់ដឹកនាំចុះសំណេះសំណាលនេះ ប្រជាពលរដ្ឋភូមិក្រាំងធ្នង់មានការសប្បាយចិត្តជាខ្លាំង ដោយកោតសរសើរថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមនុស្សមិនប្រកាន់ សាមញ្ញ រាប់អានពួកគាត់ដោយស្មោះ និងជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយអស់ពីបេះដូងផងដែរ។
ប្រជាពលរដ្ឋនៅឃុំនេះ បានសន្យាថា នៅថ្ងៃទី ២៣ ខែកក្តដាឆ្នាំ២០២៣ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តធ្វើជានាយករដ្ឋមន្រ្តី និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន នាពេលខាងមុខនេះ ផងដែរ៕