(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងឲ្យដឹងថា កងកម្លាំងយោធាជើងទឹករបស់ចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅក្នុងសមុទ្រចិនខាងត្បូង នាខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច។
ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធយោធាជាលើកដំបូងនៅឆ្នាំ ២០១២ ហើយក៏បានក្លាយជាសមយុទ្ធយោធាប្រចាំឆ្នាំរហូតមក ដោយកាលពីឆ្នាំមុន រុស្ស៊ីបានបញ្ចេញនូវគ្រឿងសព្វាវុធទំនើបៗជាច្រើន សម្រាប់សម្ងែញដល់ពិភពលោក។
គួរបញ្ជាក់ផងដែរថា ដំណឹងនៃសមយុទ្ធយោធារួមនេះ បានធ្វើឲ្យប្រទេសមួយចំនួននៅដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង មិនសប្បាយចិត្ត ខណៈចិន មិនព្រមទទួលយក ការសម្រេចចិត្តរបស់តុលាការអន្តរជាតិឡាអេ ដែលកាត់ក្ដីឲ្យហ្វីលីពីនឈ្នះ៕