(ភ្នំពេញ)៖ កុមារាឈ្មោះ ភឿន ភីឡែន អាយុ ១០ឆ្នាំ ដែលត្រូវបានលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា កាលពីសប្តាហ៍មុន, នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានជាសះស្បើយ និងត្រូវបានពេទ្យអនុញ្ញាត ឲ្យចេញទៅផ្ទះវិញហើយ។

កុមារាឈ្មោះ ភឿន ភីឡែន អាយុ ១០ឆ្នាំ ម្តាយឈ្មោះ ដាង គារ៉ា មានទីលំនៅនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កូនត្រូវបានក្រុមការងារពង្រឹងមូលដ្ឋាន ខណ្ឌសែនសុខ ដឹកនាំដោយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឲ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បញ្ជូនកុមារានេះ មកសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាថ្ងៃទី ០៧ខែកក្កដា ឆ្នាំ២០២៣ ដោយមូលហេតុក្តៅខ្លួន និងស្លេកស្លាំងខ្លាំង។

កុមារត្រូវបានគ្រូពេទ្យរកឃើញថា គាត់មានជំងឺរលាកតម្រងនោម និងខ្វះជាតិដែកឈាមក្រហម (infection urinaire , Anémie ferriprive ) និងមានពិការភាពផ្នែកស្មារតីនិងកាយសម្បទាពីកំណើត។ កុមារខាងលើនេះបានទទួលការព្យាបាល ទទួលបានលទ្ធផលល្អ និងដាក់ឈាមអស់២ប្លោក។

ក្រោយពីសម្រាកពេទ្យបាន៥ថ្ងៃ ថ្ងៃនេះទី១២ ខែកក្កដា ឆ្នាំ២០២៣ កុមារបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ និងត្រូវណាត់ជួបគ្រូពេទ្យវិញក្នុងរយៈពេល២អាទិត្យទៀត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី យក់ សម្បត្ដិ បានអមដំណើរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ ដែលដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប ដល់អាជីករលក់ដូរ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានជួបកុមារាម្នាក់ដោយចៃដន្យ ដែលមានស្ថានភាពសុខភាពស្លេកស្លាំង ទន់ដៃជើង និងឡើងកម្ដៅខ្លួន ដោយដៃបន្ដោងសឺរ៉ូម ស្ថិតនៅស្ថានភាពគ្រោះថ្នាក់ មិនបង្អង់យូរឱ្យម្ដាយកុមារនោះប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដោយលោកស្រី បានទាក់ទងទៅកាន់គ្រូពេទ្យនៅទីនោះ ត្រៀមលក្ខណៈជាស្រេច ដើម្បីសង្គ្រោះ៕