(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានជំរុញ និងក្រើនរំលឹកដល់កម្លាំងនាយកដ្ឋាននគរបាលការពារ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារ ពិសេសកិច្ចការពារតាមបណ្ដា គោលដៅសំខាន់ ដូចជាស្ថានទូត ឬស្ថានតំណាងដែលមាននៅកម្ពុជា។

ការក្រើនរំលឹកប្រៀបដូចបទបញ្ជានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកឧត្តមសេនីយ៍ឯក លន់ សុផាត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃនាយកដ្ឋាននគរបាលការពារ។ នៅចំពោះមុខកម្លាំងនគរបាលទាំងអស់ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ថ្លែងក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារកន្លងមករបស់កម្លាំងនាយកដ្ឋាននគរបាលការពារ ក្នុងការបំពេញបេសកកម្ម ចូលរួមចំណែករក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា ទន្ទឹមនឹងអ្វីដែលសម្រេចបាននាពេលកន្លងមក នាយកដ្ឋាននគរបាលការពារ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត តាមអ្វីដែលអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ជូន៕