(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវឱ្យសមាជិកសមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង ការពារសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ការអំពាវនាវរបស់លោក ជា ចាន់តូ ទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញបន្តចុះឃោសនារកសម្លេងឆ្នោត សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្សនៅក្នុងឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានថ្លែងថា ជាង៤៤ឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរក និង ថែរក្សា ការពារសន្តិភាព ដែលបានមកយ៉ាងលំបាក ដើម្បីការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រកាន់ខ្ជាប់ខ្ជួន ជាប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ថែមទៀតផង។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី១៨ក្នុងសន្លឹកឆ្នោត ហើយត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោកសន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះផងដែរលោក ជា ចាន់តូ និងក្រុមការងារបានបង្រៀនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ៕