(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញរៀបចំ​ពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក។ ពិធីបុណ្យត្រូវបានរៀបចំនៅវត្តព្រះបារមីវង្កតបុរី ស្ថិត​នៅសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតម្កល់ធាតុអ្នក​ឧកញ៉ា​មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។

ក្នុងពិធីបុណ្យនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីបុត្រា បុត្រី និងចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ហ៊ុន សាន ព្រមទាំងបុត្រ និងចៅៗ លោកស្រី លាង វួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅៗ លោកស្រីមហាឧបាសិកាបណ្ឌិត ហ៊ុន សេង នី ព្រមទាំង​បុត្រនិងចៅៗ លោកស្រីមហាឧបាសិកា ហ៊ុន ស៊ីណាត និងលោក នឹម ច័ន្ទតារា ព្រមទាំងបុត្រ និងចៅៗ លោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន និងលោកបណ្ឌិត ស៊ាង ប៊ុនលាង ព្រមទាំងបុត្រ និងចៅៗ ញាតិមិត្តជិតឆ្ងាយទាំងអស់ របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។

នៅក្នុងពិធីតាមបែបសាសនា ដែលប្រារព្វធ្វើឡើងនៅមហាចេតីយ៍បញ្ចុះសព អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក លោកស្រី ត្រូវបុត្រា បុត្រី និងចៅៗទាំងអស់ នៃមហាគ្រួសារត្រកូលហ៊ុន និងមហា​គ្រួសារ​ត្រកូល ឌី បានបូជាគ្រឿងគោរពសក្ការៈ ទៀនធូបទឹកអប់ប្រេងម្ស៉ៅផ្កាភ្ញី ចង្ហាន់គ្រឿងឧបភោគបរិភោគ រួមទាំងការរៀបចំចង្ហាន់គ្រឿងឧបភោគបរិភោគ ប្រគេនសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះមេគុណ និងព្រះរាជាគណៈ ៩អង្គ។

នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាននោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ចៅទួតទាំងអស់ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្តុជាគ្រឿឧបភោគបរិភោគ និងបច្ច័យ ប្រគេនសម្តេចព្រះសង្ឃនាយករង សម្តេចព្រះមេគុណ និងព្រះសង្ឃចំនួន ៩អង្គ ចម្រើនព្រះបរិត្តបង្សុកូល និងមានលក្ខណៈអធិកអធមបំផុត។

ពិធីបុណ្យទក្ខិណានុប្បទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ព្រមទាំង​ញាតិមិត្តជិតឆ្ងាយទាំងអស់ បាននិមន្តសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះរាជាគណៈ សូត្រមន្តឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមវិញ្ញាណក្ខន្ធសពលោកអ្នកមានគុណទាំងទ្វេ បានយោងយិត​ទៅចាប់​កំណើតនៅឋានបរមលោក សុគតិភពកុំបីឃ្លាងឃ្លាត​ដោយប្រការណា​មួយ​ឡើយ។ ជាពិសេសបានរួចចាកផុតពីបាបកម្មផងទាំងពួង និងម៉្យាងវិញទៀត​សូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​មហាឧបាសិកា ឌី ប៉ុក តាមជួយគាំពារបីបាច់ថែរក្សាការពារ​សម្តេចតេជោ​នា​យករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខ​ភាពល្អបរិបូរណ៍ ពលា​នុ​ភាពមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បី​បន្ត​ស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំដឹកនាំរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំទ្វេឡើងថែមទៀត។

បន្ថែមពីលើនោះសូមឧទ្ទិសកុសលជូនដល់លោក លោកស្រីជាកូន ចៅ និង​ញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមរស់នៅប្រកប​ដោយសុខដុមរមនា​ត្រជាក់​ត្រជុំ​គ្រប់ក្រុមគ្រួសារទាំងអស់ ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅកុំបីឃ្លាង​ឃ្លាត​ដោយប្រការណាមួយឡើយ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅៗ និងសាច់​ញាតិ​ទាំង​អស់ បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តេជៈបារមីទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជួយនាំដំណើរវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា​មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ទៅកាន់ស្ថានសួគ៌ាល័យ ប្រកបដោយបរមសុខកុំបីឃ្លាងឃ្លាតឡើយ។

សូមបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បាន​ទទួល​មរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងព្រះជន្ម៩០ឆ្នាំ​ដោយ​ជរា​ពាធ។ រីឯមហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ ក្នុងជន្មាយុ ៧៩ឆ្នាំ។

កាលនៅមានជន្មាយុនៅឡើយ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី និងមហាឧបាសិកា ឌី ប៉ុក បានចូលរួមចំណែកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ស្ទើរពេញមួយជីវិតក្នុងបុព្វហេតុបម្រើប្រទេសជាតិ មាតុភូមិ ប្រជា​ពល​រដ្ឋ​ខ្មែរ និងជាមហាពុទ្ធសាសនុបត្ថម្ភក៍ ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បានកសាងសមិទ្ធផលជាស្នាដៃយ៉ាងច្រើនអនេកទាំងក្នុងវិស័យពុទ្ធចក្រ និង​អាណាចក្រនៅទូទាំងប្រទេស ដូចជាៈ ព្រះវិហារ សាលាឆាន់ កុដិ បណ្ណា​ល័យ អគារពុទ្ធិកសិក្សា សៀវភៅគម្ពីរ ព្រះត្រៃបិដក អគារសិក្សា មន្ទីរពេទ្យ ផ្លូវលំ ស្ពាន អណ្តូងទឹក។ល។ គិតជាទឹកប្រាក់មានចំនួនច្រើនលាន​ដុល្លារ​អាមេរិក ដែលបានបន្សល់ទុកជាឧត្តមប្រយោជន៍និងមានតម្លៃឥតគណនា សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅរហូតដល់សព្វថ្ងៃ ព្រមទាំងបានជួយទំនុបបម្រុងឧបត្ថម្ភដល់កុមារកំព្រា ទុរគតជនក្រខ្សត់ជារឿយៗទៀតផង។

លើសពីនេះ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានផ្តល់​ម៉ាស៊ីនភ្លើងធុនតូចចំនួន ៥៦៥គ្រឿង ឧឃោសនាស័ព្ទចំនួន ៥៦៥គ្រឿង ដល់ទីវត្តអារាមដែលជួបការលំបាកខ្វះខាតចំនួន ៥៦៥វត្តនៅរាជធានី ខេត្ត ទីជនបទ និងទីវត្តអារាមតាមតំបន់ព្រំដែនផងដែរ។ កូនចៅ ចៅទួតចងចាំ​ជា​និច្ចក្នុងក្រអៅបេះដូងដោយមិនអាចបំភ្លេចនូវព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់របស់អ្នកមានគុណទាំងទ្វេ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានពណ៌នាក្នុងបណ្តាញសង្គមហ្វេសប៊ុក​របស់សម្តេចថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគធិបតី ហ៊ុន នាង ជាមនុស្ស​ប្រុសតែម្នាក់គត់ដែលបានផ្តល់ឱវាទដល់សម្តេចតាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់អ្នកឧកញ៉ា បើទោះបីសម្តេចមានឋានៈខ្ពង់ខ្ពស់ គ្រប់​គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់លោកដដែល មិនអាចផ្លាស់ប្តូរឋានៈបានឡើយ។

សំណេរសម្តេចតេជោបានបន្តថា សម្តេចបានធ្វើឱ្យឪ​ពុកសម្តេច​ហូរ​ទឹកភ្នែក​ច្រើនជាងគេ គឺនៅគ្រាដែលសម្តេចលាអ្នកមានគុណតាំងពីអាយុ ១៣ឆ្នាំ មក​បន្តការសិក្សានៅរាជធានីភ្នំពេញ ធ្វើការងារធ្ងន់ៗ ក្នុងឋានៈ​ជាកូនសិស្ស​លោក​នៅវត្តនាគវ័ន្ត និងលោកឪពុកបានយំនៅពេល​សម្តេចថ្វាយ​បង្គំ​លា ដើម្បី​ចូល​បម្រើកងទ័ពរបស់សម្តេចឪនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ដើម្បីតស៊ូប្រឆាំង​នឹ​ងរបបចក្រពត្តិអាមេរិក ក្នុងចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ និងដឹកនាំ​ចល​នា​តស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្លងដែនចូល​ក្នុងប្រទេស​វៀតណាម ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ នៅថ្ងៃ ៧មករាឆ្នាំ១៩៧៩។

កាលនៅមានជន្មាយុនៅឡើយ អ្នកមានគុណទាំងទ្វេបានបំពេញតួនាទី​ជាមា​តាបិតា ជីដូនជីតា ប្រកបដោយព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា យ៉ាងល្អប្រសើរ ចំពោះបុត្រា បុត្រី បុត្រប្រសារ ចៅៗ ចៅទួត និង​ចំពោះប្រជាពលរដ្ឋទូទៅផងដែរ។ ជាពិសេសលោកទាំងទ្វេបានបូជាអស់​ពី​កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុបម្រើប្រទេសជាតិ មាតុភូមិ ប្រជា​ពលរដ្ឋ និងជាមហាពុទ្ធសាសនូបត្ថម្ភដ៏ខ្ពង់ខ្ពស់ទៀតផង។

កាលនៅវ័យក្មេង អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​លោកយាយមហា​ឧបាសិកា ឌី ប៉ុក បានចូលរួមដង្ហែតាមសម្តេច​ព្រះមហា​វីរក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈ​កោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមទាមទារឯករាជ្យ រហូតដល់ព្រះ​រាជា​ណាចក្រកម្ពុជាទទួលបានឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ព្រមទាំងបាន​ផ្តួចផ្តើម​កសាងវត្តព្រះបារមីវង្កតបុរី តាំងពីទសវត្ស១៩៨០ និងកសាងសមិទ្ធផល បន្សល់​ទុកស្នាដៃយ៉ាងច្រើនអនេកក្នុងវិស័យព្រះពុទ្ធសាសនា និងក្នុងសង្គម​កម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួនច្រើនលានដុល្លារ​អាមេរិក ទុកសម្រាប់​ប្រគេនព្រះសង្ឃ និងឱ្យពុទ្ធបរិស័ទប្រជាពលរដ្ឋ សាធារណជនទូទៅប្រើប្រាស់​ជាគុណប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅស្ទើរគ្រប់រាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជារហូតដល់សព្វថ្ងៃ។

ក្នុងន័យបន្តមរតកសមិទ្ធផលពីអ្នកមានគុណទាំងទ្វេ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋបាល​រាជធានីភ្នំពេញដឹកនាំការសាងសង់ព្រះវិហារថ្មី កែលំអហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៅក្នុងបរិវេណវត្តព្រះបារមីវង្កតបុរី ឱ្យកាន់តែល្អប្រសើរ និងក្លាយជាបូជនីយដ្ឋានមួយដ៏ស្រស់បំព្រងសក្តិសមទីគោរពសក្ការៈបូជាក្នុងព្រះពុទ្ធសាសនា ក្នុងសម័យតេជោ នៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន​ឥតឈប់ឈរ៕