(ភ្នំពេញ)៖ សៀវភៅ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ដែលជាស្នាដៃថ្មីមួយទៀតរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានបោះពុម្ភផ្សាយជាលើកដំបូង នៅឆ្នាំ២០២៣នេះ ដើម្បីចែករំលែកស្នាដៃសិក្សាស្រាវជ្រាវ អំពីវិទ្យាសាស្ត្រនយោបាយកម្ពុជា និងការប្រកួតប្រជែងឥទ្ធិពលនៃមហាអំណាច។
ការសិក្សាស្រាវជ្រាវ ក៏ដូចជាក្នុងការបោះពុម្ពផ្សាយស្នាដៃ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» លើកទី១ ដែលមានចំនួន ៥.០០០ច្បាប់ ត្រូវបានគាំទ្រ និងជួយឧបត្ថម្ភថវិកាដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបញ្ជាក់ថា សម្តេចតេជោ ថែមបានផ្តល់អនុសាសន៍ក្នុងការសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគ ឯកសារ ប្រវត្តិសាស្ត្រ, វិទ្យាសាស្ត្រនយោបាយ, ភូមិសាស្ត្រនយោបាយ, ភូមិយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ចស្ដីអំពី «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ដែលជាគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមវិសេសវិសាល និងចក្ខុវិស័យដ៏វែងឆ្ងាយ សម្រាប់បណ្តុះបណ្តាលអប់រំកូនខ្មែរឲ្យចងចាំ ចេះស្រឡាញ់ ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌជាតិ វប្បធម៌ជាតិ និងប្រវត្តិសាស្ត្រកម្ពុជាផងដែរ។
សៀវភៅ«កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» មានកម្រាស់ប្រមាណ១ពាន់ទំព័រនេះ ត្រូវបានចងក្រង និងសរសេររយៈពេលជាង២ឆ្នាំ (២០១៩-២០២១) ដោយចែកចេញជា៥ផ្នែក និងសរុប១៩ ជំពូក ក្នុងនោះ ផ្នែកទី១៖ និយាយអំពី កម្ពុជាសករាជព្រះបាទនរោត្តមសីហនុ, ផ្នែកទី២៖ និយាយអំពីសង្គ្រាមត្រជាក់, ផ្នែកទី៣៖ និយាយអំពីត្រីប៉ូល (Tripole), ផ្នែកទី៤៖ និយាយអំពី កម្ពុជាសម័យសន្តិភាព អភិវឌ្ឍន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សតវត្សទី២១ និងផ្នែកទី៥ ជាផ្នែកចុងក្រោយ ដែលនិយាយអំពីទស្សនៈ និងចក្ខុវស័យអ្នកនិពន្ធ។
ស្នាដៃ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» គឺជាការសិក្សាស្រាវជ្រាវពីទិដ្ឋភាពយុទ្ធសាស្ត្រ និងមហិច្ឆតាមហាអំណាចក្នុងពិភពលោក។ មួយផ្នែកទៀត គឺជាការសិក្សាស្វែងយល់អំពីកម្ពុជា ដែលស្ថិតក្នុងរង្វង់ខ្យល់ព្យុះកំបុតត្បូងទាំងនេះ។ តើកម្ពុជាត្រូវធ្វើដូចម្តេចខ្លះ ដើម្បីរក្សាសន្តិភាព បន្តការអភិវឌ្ឍ កសាងសង្គមជាតិក្នុង ក្របខណ្ឌឯករាជ្យ មានសេរីភាព និងអធិបតេយ្យភាពបរិបូណ៌ពេញលេញ និងជាដៃគូរគ្រប់ជ្រុងជ្រោយនឹងមហាអំណាចផ្សេងៗ? ជាពិសេស តើកម្ពុជាត្រូវជ្រើសរើសផ្លូវដើរដោយប្រកាន់ឥរិយាបថដូចម្តេច នៅក្នុងស្ថានភាពមួយដែលស្ថិតក្រោមគំនាប និងការគំរាមកំហែងរបស់អាមេរិក? និងនៅម្ខាងទៀតមាន«ប្រទេសចិនជាមិត្ត» ដែលជួយអភិវឌ្ឍកម្ពុជាក្នុងគ្រប់វិស័យគ្រប់ច្រកល្ហក?
នេះជាស្នាដៃជាភាសាខ្មែរទី១៤ របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដោយក្នុងនោះលោកក៏មានស្នាដៃជាភាសាបរទេសចំនួន ៦ផ្សេងទៀតផងដែរ។ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៧៨។ លោកធ្លាប់ជាសាស្ត្រាចារ្យបង្រៀនភាសាបារាំង ទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ លោកធ្លាប់ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧១។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់បម្រើក្នុងវិស័យសារព័ត៌មានដែរក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនយោបាយកាសែតពន្លឺអង្គរ (១៩៦៧), មហាជន (១៩៧១-១៩៧២) និងជាអ្នកនិពន្ធសារព័ត៌មានជាភាសាបារាំង Le Courrier Phnom Penhois (១៩៦៨-១៩៧០) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមសីហនុ។ លោកបានសរសេរនិពន្ធស្នាដៃជាច្រើនជាភាសាខ្មែរ និងភាសាបារាំងដែលទាក់ទងទៅនឹងទស្សនវិជ្ជាសង្គមវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ លោកជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Paris CNRS។ លោកជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងធ្លាប់បានតែងតាំងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា (២០០០-២០០៩)។
លោកបណ្ឌិត បានថ្លែងអំណរគុណដ៏ ជ្រាលជ្រៅឥតឧបមាចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគាំទ្រឧបត្ថម្ភការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ ស្នាដៃ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ទុកជាកេរមរតកចងដៃកូនខ្មែរគ្រប់ជំនាន់៕