(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ មូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីបើកវគ្គរំលឹកស្តីពី «ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ» រៀបចំធ្វើនាថ្ងៃទី១២ ខែកក្កដា ឆ្នា២០២៣។

ថ្លែងក្នុងកម្មវិធីនោះ លោក ឈួរ សុបញ្ញា បានឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាកម្មវិធីជំនួយសង្គមមួយ ក្នុងចំណោមកម្មវិធីជាច្រើនផ្សេងទៀត ដែលបាននឹងកំពុងអនវុត្ត ដោយមូលនិធិជាតិជំនួយសង្គម និងទទួលបានការសារទរចំពោះលទ្ធផលកន្លងមក និងពេលបច្ចុប្បន្ន ពិសេសទៀតនោះ គឺបានកំពុងរៀបចំពង្រឹកវិសាលភាពកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម បន្ថែមទាំងការរៀបចំនូវយន្តការថ្មីៗ សំដៅធានាបាននូវតម្លាភាព សង្គមគតិភាព គណនេយ្យភាព និងប្រសិទ្ធភាព។

លោកបានបន្ថែមថា កម្មវិធីជំនួយសង្គមនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាល និងវគ្គរំលឹកថ្ងៃនេះ គឺជាចាំបាច់ណាស់សម្រាប់ជាការពង្រឹង និងពង្រីកសមត្ថភាព ជូនលោក លោកស្រី ដែលនឹងត្រូវជាធ្វើជាគ្រូបង្គោល បណ្តុះបណ្តាលបន្តដល់តួអង្គប្រតិបត្តិករ តាមឃុំ សង្កាត់ ហើយត្រូវយកទៅបណ្តុះបណ្តាលបន្ត ដល់មន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិករ។

លោក ឈួរ សុបញ្ញា បានបន្តថា​ កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវការឧបត្ថម្ភសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នកទទួលផល ឱ្យជ្រើសយកសេវាសុខភាព របស់មូលដ្ឋានសុខាភិបាលសាធារណៈ ពិសេសទៀតនោះ គឺបាននឹងកំពុងជំរុញការផ្លាស់ប្តូររិយាបទ របស់ក្រុមគោលដៅ តាមរយៈ ការផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហាររូបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយ អ.គ.ន.ក ឃុំ សង្កាត់។ ទន្ទឹមនេះ ខ្ញុំសូមផ្ញើសារបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ ក្នុងការបំពេញបាននូវភាពគ្រប់ជ្រុងជ្រោយ ផ្នែកជីវភាព និងកសាងបានមូលធនមនុស្ស លុបបំបាត់ឱ្យបាននូវភាពក្រីក្រក្នុងសហគមន៍ និងសំដៅអភិវឌ្ឍឥឈប់ឈរគ្រប់វិស័យ។

ជាលទ្ធផល និងការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ដែលឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង គឺស្តែងបង្ហាញពីការយកចិត្តទុកដាក់បំពេញឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ នៃកម្មវិធី និងការឆ្លើយតបឱ្យបានគ្រប់ចំពោះឧបសគ្គ បញ្ហាប្រឈម ដែលត្រូវរួមគ្នាជាអន្តរវិស័យ ក្នុងការសម្រេចបាននូវលទ្ធផលក្រោមការរំពឹងទុក និងពង្រីកវិសាលភាពលទ្ធផល ដែលគួរជាទីមោទនៈថ្មីៗ និងកាន់តែថ្មីជាបន្តបន្ទាប់។ ក្នុងស្មារតីនេះ ខ្ញុំក៏សូមចូលរួមជាអនុសាសន៍មួយចំនួន រួមមាន៖

(១)ស្នើសុំពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គម និងកម្មវិធីនានា ដែលជាសមិទ្ធផល របស់រាជរដ្ឋាភិបាល
(២)ស្នើសុំបន្តធានាបាននូវប្រក្រតីភាព នៃកម្មវិធី
(៣)ចូលរួមរក្សានូវស្មារតីទទួលខុសត្រូវ នៃការអនុវត្តតួនាទី ពង្រីកវិសាលភាពលទ្ធផលការងារ និងអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ
(៤)ចូលរួមសង្កេង និងពិនិត្យស្ថានភាពសហគមន៍ និងសម្របសម្រួល

លោកបានបង្ហាញក្តីរំពឹងថា ការចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ជាទុន ក្នុងការអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមចូលរួមឱ្យបានពេញលេញ ព្រមទាំង យកចិត្តទុកដាក់តាមដានរាល់បទបង្ហាញ ក្រេបយកចំណេះដឹង ចូលរួមពិភាក្សា និងស្រូបយកនូវបទពិសោធន៍ថ្មីៗ ហើយប្រសិនបើមានជាសំណូមពរ បញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការអនុវត្តកន្លងមក សូមលើកឡើង ដើម្បីឱ្យជំនាញពាក់ព័ន្ធធ្វើការឆ្លើយតប និងដោះស្រាយ៕