(ភ្នំពេរញ)៖ ដើម្បីលើកទឹកចិត្តកុមារ ឱ្យមានការយល់ដឹងពីការដាំដុះដំណាំកសិកម្មតាមផ្ទះ និងការថែរក្សាដំណាំនៅតាមផ្ទះ ក្រុមការងារនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធី «គម្រោងបរិស្ថាន កាយឫទ្ធិនារីកម្ពុជា» ដើម្បីបណ្ដុះបណ្ដាលការដាំដុះដំណាំកសិកម្មនិងបន្លែ ដល់សមាជិកាសាខាអង្គការមូលនិធិកុមារកម្ពុជា(CCF) ចំនួន ៨០នាក់។

កម្មវិធី «គម្រោងបរិស្ថាន កាយឫទ្ធិនារីកម្ពុជា» នេះ ដែលបានរៀបចំឡើងនៅអង្គការមូលនិធិកុមារកម្ពុជា ដោយក្នុងនោះសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំការបណ្តុះបណ្តាលដល់កុមារឱ្យបានយលើដឹងលើវគ្គបណ្តុះបណ្តាលសំខាន់ៗចំនួន ២ដូចជា៖

១៖ បច្ចេកទេសមូលដ្ឋាននៃកសិកម្ម សម្រាប់ក្រុមវឌ្ឍននារី និងមេដឹកនាំក្រុម

២៖ បច្ចេកទេសមូលដ្ឋាននៃការដាំដំណាំបន្លែ សម្រាប់ក្រុមកន្ទុំរុយនិងមេដឹកនាំក្រុម ដល់សមាជិកាសាខាអង្គការមូលនិធិកុមារកម្ពុជា(CCF) ចំនួន៨០ នាក់។

គួរបញ្ជាក់ផងដែរថា កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងជម្រុញ និងលើកទឹកចិត្តកុមារ ឱ្យមានការយល់ដឹងពីការដាំដុះដំណាំកសិកម្មតាមផ្ទះ និងការថែរក្សាដំណាំនៅតាមផ្ទះផងដែរ។ លើសពីនេះទៅទៀត កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសនៃការដាំដុះដំណាំកសិកម្ម និងបន្លែនេះនឹងបន្តមានជាបន្តបន្ទាប់ទៀតជូនដល់កុមារកម្ពុជាផងដែរ៕